ព័ត៌មានជាតិ

ក្រសួងរ៉ែ បង្ហាញរូបភាពទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស លើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

BY
Khmerpress
June 11, 2021
ក្រសួងរ៉ែ បង្ហាញរូបភាពទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស លើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញនូវរូបភាព ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ក្រោយពីបានសិក្សាស្រាវជ្រាវ ស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ កន្លងមកនេះ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋភិបាលកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានផ្ញើសារលិខិត ជូនជនរួមជាតិពីដំណឹងដ៏រីករាយ នៃជោគជ័យលើកដំបូង លើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចប្រកាសឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

សម្តេចតេជោ បានឱ្យដឹងផងដែរថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: