ចំណេះដឹង

ល្អណាស់! កំឡុងពេលកូវីដ និស្សិតពិបាកទៅសិក្សាក្រៅប្រទេស យុវជនរៀនឆ្នាំទី៤ម្នាក់ ចែករំលែកបទពិសោធន៍ដាក់ពាក្យសុំអាហាររូបករណ៍ រៀនតាម online នៅសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស

BY
Khmerpress
July 23, 2021
ល្អណាស់! កំឡុងពេលកូវីដ និស្សិតពិបាកទៅសិក្សាក្រៅប្រទេស យុវជនរៀនឆ្នាំទី៤ម្នាក់ ចែករំលែកបទពិសោធន៍ដាក់ពាក្យសុំអាហាររូបករណ៍ រៀនតាម online នៅសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស

ប្អូនប្រុស ណុះ ណាវី ជានិស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជានិស្សិតបានបញ្ចប់ការសិក្សាលើមុខវិជ្ជា Bushfires: Response, Relief and Resilience ដោយជោគជ័យពីសាកលវិទ្យាល័យ Newcastle Australia​ (University of Newcastle Australia and Cifal Newcastle) តាមរយៈការសិក្សាពីចម្ងាយ (Online Course) បានចែករំលែកការសិក្សានិងបទពិសោធន៍ក្នុងបរិបទកូវីដប្រាប់មកគេហទំព័រ Khmer Press ដោយប្អូនបានរៀបរាប់ឲ្យដឹងថា៖

បញ្ហាកូវីដ១៩ គឺជាឧបសគ្គសម្រាប់ការវិវត្តនៃពិភពលោក ជាពិសេសវាបានជះឥទ្ធិពលទៅដល់ស្ទើរគ្រប់វិស័យ ហើយក្នុងនោះក៏មានវិស័យអប់រំផងដែរដែលរងឥទ្ធិពលពីជំងឺដ៏កាចសាហាវមួយនេះ។ ក្នុងនាមខ្ញុំជានិស្សិតជនបទមួយរូបដែលកំពុងតែសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ្ញុំយល់ឃើញថាជំងឺកូវីដ១៩នេះបានជះឥទ្ធិពលខ្លាំងមែនទែនទៅលើវិស័យអប់រំមិនថាការសិក្សាក្នុងប្រទេសឬក្រៅប្រទេសឡើយ។ បញ្ហានេះបានជម្រុញឱ្យក្រសួងអប់រំមានវិធានការបិទសាលាទូទាំងប្រទេសដើម្បីចូលរួមក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ និងតម្រូវឱ្យសិស្សនិស្សិតផ្លាស់ប្តូរពីការរៀនក្នុងថ្នាក់មកជាការរៀនតាមអនឡាញវិញ។

ការសិក្សាតាមប្រព័ន្ធអនឡាញប្រាកដណាស់ទាំងខ្ញុំទាំងសិស្សនិស្សិតផ្សេងទៀតសុទ្ធតែជួបលំបាក ប៉ុន្តែទន្ទឹមនឹងនោះសម្រាប់ខ្ញុំផ្ទាល់ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ខ្ញុំបានសម្របខ្លួនទៅនឹងការសិក្សាតាមប្រព័ន្ធអនឡាញដោយខ្ញុំគិតថាប្រសិនបើខ្ញុំមិនមានការខិតខំប្រឹងប្រែងសិក្សាតាមបរិបទនេះទេ ការសិក្សារបស់ខ្ញុំនឹងមានបញ្ហានាពេលខាងមុខដោយយើងមិនដឹងថាកូវិដ១៩នឹងបញ្ចប់នៅពេលណានោះទេ។ ក្នុងន័យនេះផងដែរ ខ្ញុំចង់ឱ្យសិស្សនិស្សិតមានការខិតខំប្រឹងប្រែងបន្តទៀតនៅក្នុងការសិក្សារបស់ពួកគេទោះបីជាការសិក្សានោះនៅតែបន្តតាមរយៈអនឡាញក៏ដោយ និងសូមកុំឱ្យមានការបាក់ទឹកចិត្ត ព្រោះថាការសិក្សាតាមប្រព័ន្ធអនឡាញក៏ធ្វើឱ្យសិស្សនិស្សិតបានទទួលនូវចំណេះដឹងថ្មីៗផងដែរ ជាពិសេសនោះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីដើរឱ្យទាន់នៃយុគសម័យបដិវឌ្ឍឧស្សាហកម្ម៤.០។

លើសពីនេះទៅទៀតតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ កំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខ្ញុំក៏បានដាក់ពាក្យអាហាររូបករណ៍ដើម្បីសិក្សាមុខវិជ្ជាថ្មីៗបន្ថែមទៀតសម្រាប់ធ្វើការសិក្សាតាមប្រព័ន្ធអនឡាញរបស់សាកលវិទ្យាល័យល្បីៗនៅលើពិភពលោកដូចជា Harvard University, University of Newcastle Australia and Cifal Newcastle, University of Maryland និងស្ថាប័នល្បីៗមួយចំនួនទៀតដូចជា British Council, Google, UNICEF និង WHO ជាដើម តាមរយៈ Website: https://currentissues.pk/free-online-courses/ ។​

ឱកាសនេះធ្វើឱ្យខ្ញុំអាចសិក្សាមុខវិជ្ជាដែលខ្ញុំចូលចិត្តនៅសាកលវិទ្យាល័យ និងស្ថាប័នល្បីៗមួយចំនួននៅលើពិភពលោកបានដោយមិនមានការចំណាយប្រាក់ដើម្បីធ្វើការបង់ថ្លៃសម្រាប់ការសិក្សា ហើយក៏អាចទទួលបាន Certificate បន្ថែមទៀតផងដែរនៅពេលដែលយើងបានបំពេញគ្រប់លក្ខណ្ឌដែលគេចង់បានកំឡុងពេលដែលយើងធ្វើការសិក្សាតាមប្រព័ន្ធអនឡាញ។ ដូច្នេះសិស្សនិស្សិតគួរតែយកឱកាសនេះដើម្បីសាកល្បងដាក់អាហាររូបករណ៍ធ្វើការសិក្សាតាមប្រព័ន្ធអនឡាញរបស់សាកលវិទ្យាល័យ និងស្ថាប័នល្បីៗដែលខ្លួនចង់សម្រាប់ធ្វើការសិក្សាជាប្រភេទ Online Course។ ហេតុផលដែលសិស្សនិស្សិតគួរតែយកឱកាសក្នុងបរិបទកូវីដ១៩នេះ ដើម្បីសិក្សានូវមុខវិជ្ជាដែលពួកគេចូលចិត្តនៅតាមសាកលវិទ្យាល័យ និងស្ថាប័នល្បីៗនៅលើពិភពលោក៖

១.​​ ការសិក្សាតាមបែបអន្តរជាតិ៖ ប្រាកដច្បាស់ណាស់នៅពេលដែលសិស្សនិស្សិតដាក់អាហាររូបករណ៍សិក្សាតាមបែប Online Course ពួកគេនឹងទទួលបានការសិក្សាបែបថ្មីមួយដែលមានលក្ខណៈស្តង់ដាអន្តរជាតិ និងបែបបទនៃការសិក្សាទូលំទូលាយ បូករួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មី។

២. ទទួលបាននូវចំណេះដឹងថ្មី និងបទពិសោធន៍ថ្មី៖ ការសិក្សាបែបនេះនឹងធ្វើឱ្យសិស្សនិស្សិតទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតនូវចំណេះដឹងដែលពួកគេមានស្រាប់។ ចំណេះដឹងថ្មីនេះគឺជាការទទួលបានពីសាស្ត្រាចារ្យល្បី និងការស្រាវជ្រាវថ្មីៗនូវអត្ថបទ មេរៀនដែលមានទៅតាម Courses នីមួយៗ។ លើសពីនេះទៀត ពួកគេក៏មានបទពិសោធន៍ថ្មីមួយផងដែរតាមរយៈការរៀន និងការបង្រៀនរបស់សាស្ត្រាចារ្យនៅតាមសាកលវិទ្យាល័យ និងស្ថាប័ននីមួយៗ។

៣.​ ដឹងពីអាហាររូបករណ៍បានច្រើន៖ កំឡុងពេលនៃការដាក់ពាក្យដើម្បីធ្វើការសិក្សា នៅក្នុងនោះគឺមានអាហាររូបករណ៍ជាច្រើនសម្រាប់សិស្សនិស្សិតនៅក្នុងការជ្រើសរើសអាហាររូបករណ៍ណាមួយ ឬមុខវិជ្ជាណាមួយដែលពូកគេត្រូវការដើម្បីធ្វើការសិក្សា។ អាហាររូបករណ៍វគ្គ Online Course មានច្រើនសម្រាប់ធ្វើការជ្រើសរើសទៅតាមសាកលវិទ្យាល័យនីមួយៗ រួមទាំងទទួលបាន Certificate បញ្ជាក់ពីសាកលវិទ្យាល័យ ឬស្ថាប័ននៅពេលដែលពួកគេបញ្ចប់ការសិក្សា Online Course នោះ និងគ្រប់លក្ខណ្ឌដែលគេត្រូវការ។

៤. បង្កើនការទំនាក់ទំនង៖ ការសិក្សាបែបនេះមិនត្រឹមតែទទួលបានចំណេះដឹងតែប៉ុណ្ណោះនោះទេ តែក៏បានបង្កើននូវការទំនាក់ទំនងរវាងសិស្សនិស្សិត និងសាស្ត្រាចារ្យ និងសិស្សនិស្សិតផ្សេងទៀតដែលមកពីប្រទេសផ្សេងគ្នា ជាពិសេសទៅទៀតនោះគឺការចែករំលែកនូវចំណេះដឹងរវាងគ្នានឹងគ្នាទៅវិញទៅមក និងការបង្កើតចំណងមិត្តភាពជាមួយគ្នាថែមទៀតផង៕

Share This Post: