មនុស្ស ១៥នាក់កំពុងបាត់ខ្លួនដោយសារទឹកជំនន់នៅតំបន់ជ្រលងភ្នំ Grand Canyon សហរដ្ឋអាមេរិក
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់កំពុងបាត់ខ្លួនដោយសារទឹកជំនន់ ដែលបានកើតឡើងនៅតំបន់ជ្រលងភ្នំ Grand Canyon នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែសីហា។ គួរបញ្ជាក់ថា តំបន់ជ្រលងភ្នំ Grand Canyon គឺជារមណីយដ្ឋានដ៏ល្បីល្បាញនៅលើពិភពលោក ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។
ប្រភពខាងលើបានបន្តថា ទឹកជំនន់និងមានលាយជាមួយភក់ល្បាប់យ៉ាងច្រើនផងនោះ បានហូរធ្លាក់មកតំបន់ស្ពាន Angel Canyon និង Phantom Ranch នៅក្នុងឧទ្យានជាតិ Grand Canyon យ៉ាងឆាប់រហ័សបំផុត ទើបធ្វើឱ្យក្រុមភ្ញៀវទេសចរមួយចំនួនមិនអាចរត់គេចខ្លួនបានទាន់ពេលវេលានោះទេ ហើយគ្រោះធម្មជាតិនេះទៀតសោធបានកើតឡើងក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា។ គិតត្រឹមពេលនេះមានភ្ញៀវទេសចរចំនួន ៦២នាក់ត្រូវបានជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពរួចរាល់ហើយ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមជួយជម្លៀសភ្ញៀវទេសចរជាច្រើននាក់ផ្សេងទៀត និងតាមស្វែងរកអ្នកកំពុងបាត់ខ្លួនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time