Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ បើកកិច្ចប្រជុំលើកទី ១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧ ដោយឯកភាពប្រើប្រាស់ស្ថិតិនៃលក្ខណវិនិច្ឆ័យទាំង៧ និងកាលបរិច្ឆេទកិច្ចប្រជុំបន្តបន្ទាប់

    BY Liny Chan September 2, 2026
    ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ បើកកិច្ចប្រជុំលើកទី ១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧ ដោយឯកភាពប្រើប្រាស់ស្ថិតិនៃលក្ខណវិនិច្ឆ័យទាំង៧ និងកាលបរិច្ឆេទកិច្ចប្រជុំបន្តបន្ទាប់

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។

    បន្ទាប់ពីសមាសភាពយន្តការត្រីភាគីនេះ បានពិភាក្សានិងលើកមតិយោបល់យ៉ាងផុលផុស អង្គប្រជុំបានអនុម័តសម្រេចបានលទ្ធផលសំខាន់ៗដូចជា៖ (១) បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់ ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧, (២) ភាគីនីមួយៗ ឯកភាពប្រើប្រាស់ស្ថិតិ និងព័ត៌មាន ដែលមាននៅក្នុងបទបង្ហាញនេះ ទៅពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ខ្លួន ដើម្បីបាននូវគោលជំហររួម នៅពេលកិច្ចប្រជុំបន្ទាប់ និង (៣) ឯកភាពរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹក ថ្ងៃចន្ទ ទី១៤, នៅរសៀល ថ្ងៃសុក្រ ទី១៨, នៅព្រឹក ថ្ងៃចន្ទ ទី២៨, និងលើកចុងក្រោយ នៅព្រឹក ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: