Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិន ១២២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា

    BY Liny Chan September 3, 2026
    ជនជាតិចិន ១២២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិចិន សរុបចំនួន ១២២នាក់ (ស្រី៣នាក់) ចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ តេជោ។

    ប្រភពព័ត៌មានពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថាការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងព្រះរាជាណាចក្រកម្ពុជា។

    ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។

    ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: