ករណីឆបោកតាម QR Code នៅម៉ាឡេស៊ីកើនឡើងខ្លាំង ហើយក្នុងឆមាសទី១ នៃឆ្នាំ២០២៦ មានការបោកប្រាស់អស់ប្រាក់សរុបជាង ៧,៤លានដុល្លារ
ម៉ាឡេស៊ី៖ ករណីឆបោកតាម QR Code នៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ហើយបើគិតត្រឹមតែក្នុងឆមាសទី១ នៃឆ្នាំ២០២៦ ករណីបោកប្រាស់តាមទម្រង់បច្ចេកវិទ្យាថ្មីនេះមានរហូតដល់ ៥,១៣៤ ករណី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ក្នុងការឆបោកជាង ៥,០០០ករណីខាងលើនេះ បានធ្វើឱ្យក្រុមជនរងគ្រោះត្រូវខាតបង់ប្រាក់អស់ប្រមាណជា ៣០ លានរីងហ្គីត (ជាង ៧,៤លានដុល្លារ) ផងដែរ។
បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ការឆបោកប្រភេទនេះត្រូវបានហៅតាមភាសាបច្ចេកទេសថា “Quishing” ដែលជាការរួមបញ្ចូលពាក្យ QR Code + Phishing (ការបោកប្រាស់តាមអ៊ីនធឺណិត ដើម្បីបញ្ឆោតមនុស្សឱ្យផ្តល់ព័ត៌មានសម្ងាត់)។ ក្នុងការបោកប្រាស់តាមទម្រង់នេះគឺជនឆបោកបានប្រើ QR Code ដើម្បីឱ្យជនរងគ្រោះស្កេនក្នុងគោលបំណងផ្សេងៗ ហើយបន្ទាប់ពីស្កេនរួច គឺជនរងគ្រោះនឹងចូលទៅដល់គេហទំព័រក្លែងក្លាយមួយ ដែលតម្រូវឱ្យជនរងគ្រោះធ្វើរឿងមួយចំនួន ឬផ្តល់ព័ត៌មានសំខាន់ៗមួយចំនួនដូចជា៖
-ទូទាត់ប្រាក់
-សងប្រាក់
-ផ្ទៀងផ្ទាត់គណនី
-ផ្តល់ឈ្មោះអ្នកប្រើប្រាស់ និង Password
-ផ្តល់លេខកាតធនាគារ
-លេខគណនីធនាគារ
-លេខកូដ OTP
-ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ ដែលសុទ្ធតែជាព័ត៌មានសំខាន់សម្រាប់នីតិវិធីបោកយកប្រាក់ពីជនរងគ្រោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time