២ សប្តាហ៍ក្រោយកើតមានគ្រោះមហន្តរាយទឹកជំនន់នៅនេប៉ាល់ តួលេខអ្នកបាត់បង់ជីវិតកើនដល់ជាង ១,៤០០នាក់ និងបាត់ខ្លួនជាង ៥,៨០០នាក់
នេប៉ាល់៖ តួលេខអ្នកស្លាប់និងបាត់ខ្លួនដោយសារគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីដ៏មហិមានៅក្នុងប្រទេសនេប៉ាល់និងតំបន់ទីបេនៅតែបន្តកើនឡើង បើទោះជាហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងអស់រយៈពេល ២សប្តាហ៍មកហើយក្តី។ ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងបន្តធ្វើឡើងយ៉ាងក្តៅគកុក បើទោះជាមានការរំខានដោយបញ្ហាអាកាសធាតុខ្លះក៏ដោយ។
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមថ្ងៃទី៩ ខែកញ្ញា បានបញ្ជាក់ថា៖
-អ្នកស្លាប់បានកើនឡើងដល់ជាង ១,៤០០នាក់
-អ្នកបាត់ខ្លួនមានចំនួន ៥,៨៤៥នាក់
សូមបញ្ជាក់ជូនថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើង ដោយផ្អែកលើការរាប់ចំនួនសាកសពជាក់ស្តែង។ ដោយឡែកចំនួនអ្នកបាត់ខ្លួនវិញក៏អាចប្រែប្រួលបន្តិចបន្តួចផងដែរ ដ្បិតមុនពេលមានទឹកជំនន់ និងបំណាក់ដី គេមិនបានដឹងច្បាស់អំពីចំនួនមនុស្សជាក់លាក់ដែលមានវត្តមាននៅក្នុងតំបន់កើតហេតុទាំងមូលនោះទេ ពោលតួលេខនេះគឺជាទិន្នន័យដែលប្រមូលបានពីការរាយការណ៍ជាក់ស្តែងរបស់ក្រុមគ្រួសារជនរងគ្រោះ និងអាជ្ញាធរតំបន់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia