ទឹកជំនន់នៅវៀតណាម បានបណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត និងបំផ្លាញផ្ទះអស់ជាង ១៦,000ខ្នង
វៀតណាម៖ យ៉ាងយោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៨ ខែកញ្ញា។ ទឹកជំនន់ ដែលកំពុងវាយប្រហារតំបន់ប៉ែកខាងជើង នៃប្រទេសវៀតណាមនៅពេលនេះគឺជាទំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់ខ្លាំងនិងជាច្រើនថ្ងៃជាប់គ្នា។
ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ទឹកជំនន់និងឥទ្ធិពលព្យុះភ្លៀងក៏បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង ១៦,០០០ខ្នង និងបំផ្លាញដំណាំកសិកម្មរបស់ប្រជាកសិករអស់ជាង ២២,០០០ហិចតាផងដែរ។ បន្ថែមពីនេះទៀត ឥទ្ធិពលរបស់ទឹកជំនន់និងព្យុះភ្លៀងបានបណ្តាលឱ្យមានការបាក់ស្រុតដីយ៉ាងឆាប់រហ័សចំនួន ១១កន្លែង និងកាត់ផ្តាច់ផ្លូវមួយចំនួនផងដែរ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរវៀតណាមបានដាក់ពង្រាយមន្ត្រីនិងទាហានសរុបចំនួន ២៩,០០០នាក់ ដើម្បីត្រៀមជួយធ្វើអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time