Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! កម្ពុជា នឹងជួបបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ រយៈពេល ៥ថ្ងៃជាប់គ្នា ដោយសារឥទ្ធិពល ព្យុះ «ណូឡូ» ព្យុះ «កូហ្គូម៉ា» និងព្យុះ «ស៊ូរីហ្គាអេ»

    BY Liny Chan October 6, 2026
    សូមប្រុងប្រយ័ត្ន! កម្ពុជា នឹងជួបបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ រយៈពេល ៥ថ្ងៃជាប់គ្នា ដោយសារឥទ្ធិពល ព្យុះ «ណូឡូ» ព្យុះ «កូហ្គូម៉ា» និងព្យុះ «ស៊ូរីហ្គាអេ»

    ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ បានណែនាំឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ រយៈពេល ៥ថ្ងៃជាប់គ្នា ដោយសារប្រទេសកម្ពុជា ទទួលរងឥទ្ធិពលពីសម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ(Nolo) T2628 និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) T2629 រួមជាមួយនឹងព្យុះទី២៧ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) T2627។

    នៅក្នុងសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ(Nolo) T2628 និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) T2629 រួមជាមួយនឹងព្យុះទី២៧ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) T2627 កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិត នៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំង៣នេះទេ។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ៖

    ១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ដណ្តប់លើផ្ទៃដី ៥០%។

    ២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។

    ៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

    យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: