Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ចម្លាក់ «ប្រេត» ត្រូវបានប្រទះលើចម្លាក់នៅប្រាសាទ តានៃ ខេត្តសៀមរាប

    BY Liny Chan October 9, 2026
    ចម្លាក់ «ប្រេត» ត្រូវបានប្រទះលើចម្លាក់នៅប្រាសាទ តានៃ ខេត្តសៀមរាប

    ជាមួយរូបភាពជាច្រើនសន្លឹកដែលបង្ហាញ ដោយ អាជ្ញាធរជាតិអប្សរា បានអះអាងថា ចម្លាក់ «ប្រេត» បានឆ្លាក់រូបទុកនៅលើហោ​ជាងនៃខ្លោង ទ្វារខាងកើតប្រាសាទតានៃ ក្នុងតំបន់អង្គរ ហើយ ប្រហែលមានតែមួយគត់ ដែលចាស់ជាងគេក្នុង សិល្បៈខ្មែរ បានបន្សល់ទុកមក​ដល់បច្ចុប្បន្ន។

    បញ្ជាក់នៅថ្ងៃទី៩ ខែតុលានេះ ខណៈពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានប្រព្រឹត្តទៅ១៣ថ្ងៃរួចមកហើយ ហើយ​ថ្ងៃភ្ជុំបិណ្ឌ​ឬបិណ្ឌធំ នឹង​មកដល់នៅ​ថ្ងៃអាទិត្យទី១១ ខែតុលា អាជ្ញាធរអប្សរាបានរំលឹកថា រឿងរ៉ាវ និង​ភស្តុតាង​ចម្លាក់ប្រេតនៅប្រាសាទតានៃនេះ និយាយពី​ពេលមួយដែល​ព្រះអវលោកេសូរ ដែលព្រះបាទជ័យវរ្ម័ន​ទី៧ បានយកមកប្រតិបត្តិក្នុងរជ្ជកាលរបស់ព្រះអង្គនៅ​ចុងសតវត្សរ៍ទី១២ មានបង្ហាញរឿងព្រះ​អវលោ​កេសូរ​ទៅឋាននរកសង្គ្រោះប្រេត។

    ចម្លាក់ប្រេត ក៏មានទំនាក់ទំនងនឹងកិច្ចជំនឿបោះបាយ​បិណ្ឌ ដែលបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅ​ជាទំនៀម​ទម្លាប់ប្រពៃណី​របស់ខ្លួនមកដល់បច្ចុប្បន្ន ទាំងអស់នេះសុទ្ធតែបង្ហាញនូវអត្តសញ្ញាណនៃវប្បធម៌ខ្មែរ ។

    សូមជម្រាបថា ចម្លាក់រូបប្រេតនៅប្រាសាទតានៃ យោងតាម​ឯកសារបង្ហាញថាចម្លាក់នេះ ត្រូវបានព្រះបាទ​ជ័យវរ្ម័នទី៧ ឆ្លាក់នៅជាង៩០០​ឆ្នាំមុន នៅពេលព្រះអង្គ​ប្រតិបត្តិតាមគម្ពីរ Karandavyuha ដែលជាគម្ពីរ​ព្រះពុទ្ធ​សាសនាមហាយាន និងជឿថា ព្រះអវលោកេសូរ ដែលជា​ព្រះក្នុងគម្ពីរនោះ អាចសង្រ្គោះវិញ្ញាណក្ខន្ធអ្នក​ស្លាប់ទាំងនោះមកទីឋានល្អឬចាប់ជាតិជាមនុស្សលោកវិញ។

    គម្ពីរ Karandavyuha ត្រូវបានសរសេរនៅសតវត្ស​ទី៥ ​នៅតំបន់កាស្មៀ ប្រទេសឥណ្ឌា ដែលជាគម្ពីរដ៏​ចំណាស់មួយបែប​ព្រះពុទ្ធសាសនា​មហាយាន និងត្រូវបានព្រះបាទជ័យវរ្ម័នទី៧ យកមកប្រតិបត្តិនៅ​អំឡុង​សតវត្សទី១២ គឺប្រមាណ៨០០ឆ្នាំក្រោយពីគម្ពីរ​នេះបានសរសេរ។ ព្រះអវលោកេសូរ ជាព្រះក្នុងគម្ពីរ និងត្រូវបានជឿថា ជាព្រះសង្រ្គោះសត្វលោក វិញ្ញាណតែលតោលទាំងឡាយ ឱ្យកើតជាមនុស្ស​លោកវិញ។ ក្នុងសង្រ្គោមបណ្ដេញទ័ពចម្ប៉ាចេញពីរាជធានីអង្គរ ធ្វើឱ្យមន្រ្តី ពលទាហាន និងប្រជានុរាស្រ្ដជាច្រើន​បាន​ស្លាប់ និងពលីក្នុងសមរភូមិនេះ។ ក្នុងហប្ញទ័យបារម្ភ ក្រែងវិញ្ញាក្ខន្ធអ្នកដែលស្លាប់ទៅមិនបានស្ងប់សុខ ខ្លះនៅតែលតោល ឬខ្លះក្លាយជាប្រេតផងនោះ ព្រះបាទជ័យវរ្ម័នទី៧ បញ្ជាឱ្យគេឆ្លាក់ចម្លាក់ព្រះអវលោ​កិកេសូរប្រោះប្រេតនៅហោជាងខ្លោងទ្វារខាងកើតប្រាសាទតានៃ ដោយជឿថា ព្រះអង្គនេះអាច​សង្រ្គោះ​ព្រលឹងទាំងនោះឱ្យទៅនៅឋានល្អ ឬចាប់ជាតិជាមនុស្ស​បាន។ នេះបើតាមការពន្យល់រៀបរាប់របស់លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាន​នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា។

    ខាងលើនេះជាភស្ដុតាងនៃការបញ្ជាក់ពីវត្តមានប្រេតក្នុងជំនឿប្រពៃណីខ្មែរ។ ទាក់ទងនឹងការបោះបាយបិណ្ឌវិញ លោក អ៊ឹម សុខរិទ្ធី តាមរយៈសិលាចារឹកថ្នល់បារាយណ៍​លេខ K២៧៩ បាននិយាយថា ទំនៀមនេះមានជាង១ពាន់​ឆ្នាំ​​មកហើយ។ ការបោះបាយបិណ្ឌមិនមែនបោះ​សម្រាប់​ឱ្យ​ប្រេតស៊ីឡើយ តែពំនូតបាយដំណើបចំនួន១៩ដុំដែល​បោះនោះ តំណាងឱ្យរូបកាយរបស់មនុស្ស ដែលអាចឱ្យ​ប្រេតតោងចាប់ដើម្បីចាប់ជាតិជាមនុស្សវិញបាន។

    ​តាមការបញ្ជាក់ពីសាស្រ្ដាចារ្យ អ៊ឹម សុខរិទ្ធី ក្នុងទំនៀម​របស់ខ្មែរ មានគ្រប់រូបមានធាតុពីរ គឺទី១ នាម (ព្រលឹង និងទី២ គឺរូប (រាងកាយ)។ ក្រោយស្លាប់ទៅមនុស្សនៅ​សល់តែព្រលឹង ចំណែករាងកាយរលាយក្លាយជាដី។

    តាមសិលាចារឹកដដែល ពិធីបោះបាយបិណ្ឌមិនមែនអាច​ធ្វើបានតែនៅរដូវភ្ជុំបិណ្ឌនោះទេ គឺអាចធ្វើនៅពេលមាន​ព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងថ្ងៃវែងជាងយប់ ដែល​កើតឡើង២ដងក្នុងមួយឆ្នាំ និងព្រឹត្តិការណ៍ យប់និង​ថ្ងៃស្មើ​ឬហៅថាសមរាត្រី។ តាមការអះអាងរបស់លោក អ៊ឹម សុខរិទ្ធី ការបោះ​បាយ​បិណ្ឌ ជាទំនៀមមួយរបស់ខ្មែរដែលមានតាំងពីយូរ​លង់មកហើយ។ អ្នកដែល​បោះចោលប្រពៃណីនេះ គឺស្មើនឹងបោះបង់ទំនៀមប្រពៃណីរបស់ខ្លួនឯងយ៉ាងដូច្នោះដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: