Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជាមិនឱ្យគេទេ ហើយនឹងបន្តទាមទារមកវិញតាមយន្តការការទូត និងច្បាប់អន្តរជាតិ

    BY Liny Chan October 9, 2026
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជាមិនឱ្យគេទេ ហើយនឹងបន្តទាមទារមកវិញតាមយន្តការការទូត និងច្បាប់អន្តរជាតិ

    AKP បាត់ដំបង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សរុបចំនួន ២.០០១នាក់ នៅសាលវិមានប្រសិទ្ធពរ ខេត្តបាត់ដំបង ដោយបានថ្លែងបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ជុំវិញបូរណភាពទឹកដី និងសន្តិភាពនៅកម្ពុជា។

    នៅក្នុងឱកាសនោះ សម្តេចធិបតីបានគូសបញ្ជាក់ថា ទឹកដីកម្ពុជាមិនឱ្យគេឡើយ ព្រោះកម្ពុជាមិនដែលចុះហត្ថលេខាប្រគល់ឱ្យនរណាមួយនោះទេ។ កម្ពុជាកំពុងបន្ត «ច្បាំង» ប៉ុន្តែជាការច្បាំងតាមរយៈការទូត និងទាមទារទឹកដីស្របច្បាប់មកវិញតាមយន្តការច្បាប់អន្តរជាតិ។ កម្ពុជានៅតែរក្សាសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីយកទឹកដីស្របច្បាប់របស់ខ្លួន ហើយក្នុងការចុះវាស់បង្គោលព្រំដែនកម្ពុជា-ថៃលើកក្រោយ ត្រូវតែមានការចូលរួមពីក្រុម AOT នៃប្រទេសទាំងពីរ។

    ទន្ទឹមនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ថា កម្ពុជាមិនបានទាមទារទឹកដីខេត្តសុរិន្ទ និងបុរីរ៉ាំនោះទេ អ្វីដែលសំខាន់គឺឱ្យតែភាគីពាក់ព័ន្ធគោរពតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ ឱ្យបានត្រឹមត្រូវ។

    សម្ដេចធិបតី បានរម្លឹកពីសង្គ្រាមឈ្លានពានលើកម្ពុជា និងការដែលខេត្តបាត់ដំបងធ្លាប់បាត់បង់សន្តិភាពអស់រយៈពេល ២១ថ្ងៃ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីតម្លៃពិតប្រាកដនៃសន្តិភាព។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ទោះជា «ប្រទេសតូច ក៏មានដៃវាយវិញដែរ ហើយប្រជាជនខ្មែរមិនកំសាកទេ» ប៉ុន្តែក្នុងនាមជាមេដឹកនាំ មិនត្រូវរុញប្រជាជនឱ្យទៅស្លាប់ឡើយ បើមានជម្រើសដោះស្រាយផ្សេង។ ប្រសិនបើយើងជ្រើសរើសយកសង្គ្រាម សង្គ្រាមនឹងមិនចេះចប់ហើយចំនួនជនភៀសសឹកអាចកើនឡើងលើសពី១លាននាក់ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលមិនបានសប្បាយចិត្តឡើយ ដែលឃើញពលរដ្ឋភៀសសឹកមិនទាន់បានត្រឡប់ទៅផ្ទះវិញ។

    សម្តេចធិបតី ក៏បានសម្តែងក្តីសង្ឃឹមថា សង្គ្រាមឈ្លានពាន និងគ្រោះទឹកជំនន់ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ ដើម្បីនាំមកនូវសេចក្តីសុខជូនប្រជាជនទូទាំងប្រទេស ហើយនៅឆ្នាំ២០២៧ ខាងមុខ សូមឱ្យគ្រោះចង្រៃទាំងអស់ចាកចេញពីកម្ពុជាឱ្យអស់ រួមទាំងយន្តហោះ F-16 ផងដែរ ដើម្បីឱ្យកម្ពុជាអាចបន្តដំណើរទៅមុខ និងប្រឹងប្រែងពង្រឹងសមត្ថភាពជាតិឱ្យកាន់តែខ្លាំងក្លាថែមទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: