Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

របាយការណ៍មួយបង្ហាញថា កូរ៉េខាងជើងបានដាក់មីន ជិត ១លានគ្រាប់ នៅតាមតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង

BY Nisaiy KP October 25, 2026
របាយការណ៍មួយបង្ហាញថា កូរ៉េខាងជើងបានដាក់មីន ជិត ១លានគ្រាប់ នៅតាមតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ ទិន្នន័យមួយបង្ហាញថា កូរ៉េខាងជើងបានដាក់មីនប្រឆាំងមនុស្សប្រមាណជា ៩៦០,០០០ គ្រាប់ នៅតាមតំបន់គ្មានយោធា (DMZ) ដើម្បីពង្រឹងការការពារព្រំដែនជាមួយកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣ ខែតុលា។ ទិន្នន័យខាងលើនេះត្រូវបានបង្ហាញក្នុងរបាយការណ៍របស់ការិយាល័យសមាជិកសភាកូរ៉េខាងត្បូង ដែលពាក់ព័ន្ធនឹងគណៈកម្មាធិការសភាទទួលបន្ទុកផ្នែកស៊ើបការណ៍សម្ងាត់ និងការពារជាតិ។

នៅក្នុងរបាយការណ៍ខាងលើបានបន្តថា សកម្មភាពដាក់មីនខាងលើនេះបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤ មក ពោលគឺបន្ទាប់ពីពេលដែលប្រទេសកូរ៉េខាងជើងបានប្រកាសចាត់ទុកទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរថា ជាទំនាក់ទំនងរវាង «រដ្ឋពីរដែលមានអរិភាពនឹងគ្នា»។ ប្រភពខាងលើបានបន្តថា ក្រៅពីការដាក់មីន កងទ័ពកូរ៉េខាងជើងក៏បានកាប់ឆ្ការរុក្ខជាតិ សាងសង់របាំង ផ្លូវយុទ្ធសាស្ត្រ និងរបងលួសបន្លា ព្រមទាំងកាត់ផ្តាច់ផ្លូវថ្នល់ និងផ្លូវដែកដែលតភ្ជាប់ប្រទេសទាំងពីរផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: