Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងរៀបចំដែនដី បង្កើត «ទ្រនំសុភមង្គល» នៅតំបន់ឆ្នេរ៖ ការអភិវឌ្ឍលំនៅឋានត្រូវធានា សុខុមាលភាព និងចីរភាព

    BY Liny Chan October 29, 2026
    ក្រសួងរៀបចំដែនដី បង្កើត «ទ្រនំសុភមង្គល» នៅតំបន់ឆ្នេរ៖ ការអភិវឌ្ឍលំនៅឋានត្រូវធានា សុខុមាលភាព និងចីរភាព

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការរៀបចំ និងអភិវឌ្ឍលំនៅឋានជូន ប្រជាពលរដ្ឋ មិនមែនគ្រាន់តែជាការសាងសង់សំណង់ រឹងមាំសម្រាប់ជ្រកកោនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានា​ឱ្យបាននូវ​ការ​កសាងជីវភាពរស់នៅដ៏សុខដុមរមនា សមាហរណកម្ម និងភាពធន់នៅក្នុងសហគមន៍ផ្ទាល់។ការលើកឡើងនេះបានធ្វើឡើង​នាឱកាសបើក សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាង «គម្រោងកែលម្អការតាំងទីលំនៅរបស់សហគមន៍ប្រកប​ដោយ​សមាហរណកម្ម និងភាពធន់ តាមបណ្ដាខេត្តក្នុង តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា» ដែលបាន ប្រព្រឹត្តទៅនៅទីស្តីការក្រសួងកាល​ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានដាក់ចេញនូវគោលការណ៍យុទ្ធសាស្ត្រគន្លឹះមួយចំនួនសម្រាប់ជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍភូមិឋាន និងសហគមន៍មូលដ្ឋាន រួមមាន៖ ការអភិវឌ្ឍជនបទនិងសហគមន៍ ត្រូវធានាឱ្យគ្រប់ភូមិ ឋានមានប្រព័ន្ធទឹកស្អាត អគ្គិសនី ផ្លូវថ្នល់ និង​សាលារៀន សម្រាប់កូនចៅប្រជាពលរដ្ឋ ព្រមទាំងបង្កើតបរិយាកាស សុវត្ថិភាពសង្គមដែលផ្តល់ទំនុកចិត្តដល់ការរស់នៅ។ការលើក​កម្ពស់​សុខុមាលភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ លើអនាម័យ សុខភាព និងការរស់នៅប្រកបដោយ ផាសុកភាព ដើម្បីឆ្លើយតបនឹងតម្រូវ​ការជាក់​ស្តែង។ចំណែកការកសាងសេដ្ឋកិច្ចមូលដ្ឋាន គឺផ្តោតលើការ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល ដើម្បីឱ្យ ប្រជាពលរដ្ឋអាចពឹងផ្អែកលើខ្លួន​ឯង​បានប្រកបដោយ ចីរភាពក្នុងរយៈពេលវែង។

    គួរកត់សម្គាល់ថា បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និង​ការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងបានបង្វែរ​ទិសដៅផ្តោតលើការងារលំនៅឋាន និងដីសម្បទាន​សង្គម​កិច្ច/សេដ្ឋកិច្ច ដោយអនុវត្តតាមគោលការណ៍​យុទ្ធសាស្ត្រចំនួន ៣ រួមមាន៖ «បុរីជនបទ ភូមិឋានក្សេម​ក្សាន្ត និងទ្រនំ​សុភមង្គល» សំដៅបង្កលក្ខណៈឱ្យ​ប្រជាជន​ខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់​ថា ពីនេះទៅមុខ សូមផ្តោតការគិតគូរលើការកសាង​ខឿន​សេដ្ឋកិច្ចនៅនឹងមូលដ្ឋាន ហើយអន្តរាគមន៍ជួយ​ប្រជាជនយើងឱ្យចំកន្លែង និងចំគោលដៅ។ ក្រៅពីដី និងផ្ទះ យើងត្រូវគាំទ្រហេដ្ឋារចនាសម្ព័ន្ធចាំបាច់​ផ្សេង​ទៀត ដែលអាចធ្វើឱ្យប្រជាជនមានចំណូល បន្ថយ​បំណុល និងមានអាហារហូបចុកគ្រប់គ្រាន់ធ្វើឱ្យ​សុខភាព​រឹងមាំ ដែលជាការកសាងធនធាន​មនុស្សសម្រាប់ជាតិ។

    ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងរៀបចំដែនដី បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោមជាតិ និងដៃគូ​អភិវឌ្ឍន៍អន្តរជាតិ ឱ្យបន្តពង្រឹង​កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងការជួយដល់​ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង​សំណង់មិន​រៀបរយ ដូចជាបងប្អូននៅខេត្តកែបជាដើម។

    សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ​នេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិធំៗជាច្រើន ដូចជា World Bank, JICA, KOICA, UNDP, UN-Habitat និង HFHC ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: