«ភូមិហ្វ្រង់កូហ្វូនី» នឹងបើកទ្វារនៅពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ
នៅក្នុងពេលប្រទេសកម្ពុជា រៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ ក្រសួងទេសចរណ៍សហការជាមួយ ក្រសួងការបរទេស ក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
នៅក្នុងព្រឹត្តិការណ៍អម ភូមិហ្វ្រង់កូហ្វូនី នេះ នឹងនាំមកនូវសកម្មភាពសំខាន់ៗជាច្រើនទាំងផ្នែកសម្តែងសិល្បៈ និងទស្សនីយភាពវប្បធម៌ ស្តង់ពិព័រណ៍ ភូមិអាហារហ្វ្រង់កូហ្វូនីជាដើម ដូចជាសកម្មភាពសំខាន់ៗ ចំនួន៥ រួមមាន ៖ ទីតាំងរៀបចំពន្លាជាតិរបស់ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ
ទីតាំងសម្តែងសិល្បៈ និងទស្សនីយភាពវប្បធម៌ប្រចាំថ្ងៃ ដែលរៀបចំដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងបើកឱកាសឱ្យមានការចូលរួមសម្តែងពីប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី បង្ហាញពីភាពរស់រវើក និងសាមគ្គីភាពនៃសហគមន៍ហ្វ្រង់កូហ្វូនី
ទីតាំងរៀបចំសន្និសីទ និងសិក្ខាសាលា សម្រាប់ក្រសួង ស្ថាប័នសាធារណៈ ប្រទេសជាសមាជិក អង្គការហ្វ្រង់កូហ្វូនី និងស្ថាប័នពាក់ព័ន្ធ ដែលបង្ហាញគំនិតផ្តួចផ្តើម ពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ច សហប្រតិបត្តិការ។
ទីតាំងរៀបចំស្តង់ពិព័រណ៍ទូទៅរបស់ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ស្តង់ និងទីតាំងរៀបចំភូមិអាហារហ្វ្រង់កូហ្វូនី ដែលបើកឱកាសឱ្យមានការចូលរួមតាំងបង្ហាញម្ហូបអាហារ ខ្មែរ និងម្ហូបអាហារនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី ដើម្បីសាករសជាតិ ផ្លាស់ប្តូររវាងចុងភៅ សិប្បករ និងសហគមន៍ ហើយលើកកម្ពស់ទេសចរណ៍ និង បដិសណ្ឋារកិច្ច។ ក្រសួងទេសចរណ៍សង្ឃឹមថា ព្រឹត្តិការណ៍អម ភូមិហ្វ្រង់កូហ្វូនីនេះ នឹងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។
សូមរម្លឹកថា ចាប់ពីថ្ងៃទី១៤ដល់១៦វិច្ឆិកា២០២៦ខាងមុខនេះ ប្រទេសកម្ពុជា មានមោទនភាពបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលមានប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូមកពីបណ្តាប្រទេសនិយាយភាសាបារាំងជាង៩០ប្រទេសនឹងអញ្ជើញចូលរួម៕
