ឧទ្ធម្ភាគចក្រ ២គ្រឿងបុកគ្នានៅអាមេរិក បណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ឧទ្ធម្ភាគចក្រ ២គ្រឿងបុកគ្នានៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី៣០ ខែតុលា។ ការបុកគ្នារវាងឧទ្ធម្ភាគចក្រទាំង ២គ្រឿងនេះបានកើតឡើងនៅលើអាកាស ក្បែរអាកាសយានដ្ឋានក្រុង McMinnville ក្នុងរដ្ឋអូរីហ្គិន ខណៈឧទ្ធម្ភាគចក្រទាំង ២គ្រឿងនោះ រួមមានឧទ្ធម្ភាគចក្រប្រភេទ Robinson R22 និងឧទ្ធម្ភាគចក្រប្រភេទ Airbus។
ប្រភពខាងលើបានបន្តថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះរួមមាន គ្រូបង្រៀនបើកបរឧទ្ធម្ភាគចក្រ Maddie Aasbo អាយុ ២២ ឆ្នាំ មកពីរដ្ឋតិចសាស់ម្នាក់ អ្នកហាត់បើកបរឧទ្ធម្ភាគចក្រជនជាតិអង់គ្លេសម្នាក់ ដែលមិនទាន់ត្រូវបានបញ្ចេញអត្តសញ្ញាណជាសាធារណៈ និងជនរងគ្រោះម្នាក់ទៀតគឺជាអ្នកបើកបរឧទ្ធម្ភាគចក្រ Airbus ឈ្មោះ Tyler Delane Sturdevant អាយុ ៣៨ ឆ្នាំ មកពីទីក្រុង Newberg រដ្ឋអូរីហ្គិន។ គិតត្រឹមពេលនេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) កំពុងដឹកនាំការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុនៃគ្រោះថ្នាក់នេះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ BBC