រាជរដ្ឋាភិបាល បានកំពុងបន្តរិះរកវិធានការព្រមទាំងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនប្រែស្ទើរមុខមាត់ទៅជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរក្នុងឱកាសការបើកបវេសនកាល ឆ្នាំសិក្សា ២០២៦ – ២០២៧ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពលើវិស័យអប់រំនៅទូទាំងប្រទេស។
រាជរដ្ឋាភិបាលបាន និងកំពុងបន្តរិះរកវិធានការព្រមទាំងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនប្រែស្ទើរមុខមាត់ទៅជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ មានអភិបាលកិច្ចល្អ និងមានគណនេយ្យភាពច្បាស់លាស់ចំពោះប្រជាជន និងសហគមន៍។
បើតាមសម្ដេចធិបតី ការកែទម្រង់នេះផ្តោតលើការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរកការកែលម្អលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានអំពាវនាវ និងទទូចដល់មាតាបិតា ព្រមទាំងអាណាព្យាបាលទាំងអស់ មេត្តានាំយកកូនៗ ឬក្មួយៗដែលគ្រប់អាយុត្រូវចូលរៀន ជាពិសេសកុមារតូចអាយុពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ឱ្យចូលរៀនថ្នាក់មត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំ ឬ ៧០ខែ ឱ្យចូលរៀនថ្នាក់បឋមសិក្សា។
សម្រាប់សិស្សានុសិស្សដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ថ្ងៃនេះក៏ជាថ្ងៃឡើងថ្នាក់ថ្មីដើម្បីបន្តក្រេបជញ្ជក់យកចំណេះវិជ្ជាបន្ថែមទៀត ពីសាលារៀនសាធារណៈនៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន