សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្រៀនតាមឌីជីថលមានភាពទំនើបល្អ ប៉ុន្តែកុំបោះបង់សៀវភៅ ខណៈប្រទេសមួយចំនួនវិលត្រឡប់មកប្រើសៀវភៅវិញក្រោយសិស្សរៀនខ្សោយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន ៥ខ្នង សរុបមាន ៥៥បន្ទប់រៀន នៅវិទ្យាល័យទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងជាឧទាហរណ៍បញ្ជាក់ថា ប្រទេសរីកចម្រើនមួយចំនួនដូចជា ប្រទេសដាណឺម៉ាក ស៊ុយអែត និងបណ្តាប្រទេសដទៃទៀត បាននិងកំពុងកែប្រែទម្រង់ពីការប្រើប្រាស់ថ្នាក់រៀនឌីជីថលសុទ្ធសាធ ឱ្យងាកមកបញ្ចូល និងប្រើប្រាស់សៀវភៅឡើងវិញ បន្ទាប់ពីការសិក្សាស្រាវជ្រាវ និងការអនុវត្តកន្លងមកបានបង្ហាញថា ការពឹងផ្អែកលើប្រព័ន្ធឌីជីថលទាំងស្រុង បានធ្វើឱ្យកម្រិតនៃការសិក្សារបស់សិស្សានុសិស្សមានភាពថយចុះ ឬរៀនខ្សោយជាងមុន។
តាមរយៈចំណុចនេះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការបញ្ចូលគ្នារវាងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការអានសៀវភៅបែបបុរាណដោយការកាន់ផ្ទាល់ដៃ គឺជា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីធានាបាននូវគុណភាពអប់រំ និងការចងចាំរបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន