មន្ត្រីកម្ពុជា និងអាម៉េរិក ជួបពិភាក្សាគ្នាដើម្បីឈ្វេងយល់បន្ថែម ពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ជាពិសេសជនរងគ្រោះដែលស្ថិតនៅក្នុងទីតាំងប្រព្រឹត្តអំពើឆបោក
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ញុឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយមន្ត្រីការិយាល័យកម្មវិធីតាមដានប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
ឯកឧត្ដមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា មានប្រសាសន៍ក្នុងឱកាសនោះថា កិច្ចប្រជុំពិភាក្សាការងារតាមដាន ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នៃក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ មានគោលបំណងស្វែងយល់បន្ថែម នូវវឌ្ឍនភាព និងបញ្ហាប្រឈមរបស់ក្រសួង ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ជាពិសេសជនរងគ្រោះដែលស្ថិតនៅក្នុងទីតាំងប្រព្រឹត្តអំពើឆបោក និងការផ្តល់សេវាជូនដល់ជនរងគ្រោះ។
ក្នុងកិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្ដម តំណាងស្ថានទូតអាម៉េរិកប្រចាំកម្ពុជា លោក លោកស្រី អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ពាក់ព័ន្ធ និងលោក លោកស្រី មន្ត្រីជំនាញ នៃនាយកដ្ឋានគាំពារជនរងគ្រោះ៕





ប្រភព៖ ក្រសួងព័ត៌មាន