Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងឧស្សាហកម្ម ត្រៀមវិធានការទប់ទល់នឹងផលប៉ះពាល់នៃបាតុភូតអែលនីញ៉ូលើវិស័យទឹកស្អាត

    BY Liny Chan November 4, 2026
    ក្រសួងឧស្សាហកម្ម ត្រៀមវិធានការទប់ទល់នឹងផលប៉ះពាល់នៃបាតុភូតអែលនីញ៉ូលើវិស័យទឹកស្អាត

    រាជធានីភ្នំពេញ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងពង្រឹងវិធានការត្រៀមសម្រាប់និរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាត ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករណ៍ថាអាចបង្កផលប៉ះពាល់ដល់របបទឹកភ្លៀង និងប្រភពទឹកនៅកម្ពុជា។

    ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួង តំណាងរដ្ឋាករទឹកសាធារណៈ មន្ទីររាជធានី-ខេត្ត និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីពិនិត្យ និងដាក់ចេញវិធានការត្រៀម និងពង្រឹងការសម្របសម្រួលសម្រាប់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។

    ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “យើងមិនទាន់ដឹងច្បាស់ថា បាតុភូតអែលនីញ៉ូនឹងមានឥទ្ធិពលខ្លាំងកម្រិតណា ឬអូសបន្លាយយូរប៉ុណ្ណាទេ។ ប៉ុន្តែការត្រៀមលក្ខណៈបានល្អ អាចជួយកាត់បន្ថយផលប៉ះពាល់។ ដូច្នេះ យើងត្រូវត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូអាក្រក់បំផុត និងពង្រឹងវិធានការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។”

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បាតុភូតអែលនីញ៉ូអាចបន្តមានឥទ្ធិពលលើកម្ពុជារហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដោយក្រសួងបានអំពាវនាវឱ្យថែរក្សាប្រភពទឹក សន្សំសំចៃទឹក និងផ្តល់អាទិភាពទី១ ដល់ការប្រើប្រាស់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ និងទី២ ដល់ការធ្វើស្រែប្រាំងនិងការដាំដុះ។

    សម្រាប់វិស័យទឹកស្អាត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើការវាយតម្លៃបច្ចេកទេសលើស្ថានភាពប្រភពទឹក ការត្រៀមលក្ខណៈហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាប្រឈមដែលអាចកើតមាន ដើម្បីជួយឱ្យប្រតិបត្តិករទឹកស្អាតកំណត់វិធានការត្រៀមជាមុន និងរក្សានិរន្តរភាពនៃការផ្គត់ផ្គង់។

    ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យប្រតិបត្តិករទឹកស្អាត ទាំងរដ្ឋ និងឯកជន បង្កើនការតាមដានស្ថានភាពប្រភពទឹក ពង្រឹងផែនការត្រៀមបម្រុង និងស្វែងរកប្រភពទឹកជំនួស តាមការចាំបាច់។

    ឯកឧត្តមបានបញ្ជាក់ថា៖ “ការផ្គត់ផ្គង់ទឹកស្អាតត្រូវមាននិរន្តរភាព។ យើងត្រូវគិតគូរទុកជាមុន និងស្វែងរកដំណោះស្រាយបន្ថែម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលអាចកើតមាន។”

    វិធានការដែលបានលើកឡើងក្នុងកិច្ចប្រជុំរួមមានការបង្កើនសមត្ថភាពស្តុកទឹក កាត់បន្ថយការបាត់បង់ទឹកក្នុងបណ្តាញ ការសន្សំសំចៃទឹក ការត្រៀមឧបករណ៍ និងមធ្យោបាយអន្តរាគមន៍សម្រាប់ករណីចាំបាច់ និងការពង្រឹងកិច្ចសហការរវាងរដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាត និងអាជ្ញាធរពាក់ព័ន្ធ។

    ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ចូលរួមផ្សព្វផ្សាយវិធានការត្រៀមបម្រុងដល់ប្រតិបត្តិករទឹកស្អាតឯកជន និងអនុវត្តដំណោះស្រាយប្រកបដោយភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: