ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ទួលសង្កែ១ ចាត់វិធានក្ដៅរុះរើសំណង់សង់លើដីច្រាំងទន្លេរបស់រដ្ឋ ក្រោយជូនដំណឹងច្រើនលើក តាមការណែនាំពីអភិបាលខណ្ឌឫស្សីកែវ

BY
Khmerpress
July 22, 2021
អាជ្ញាធរសង្កាត់ទួលសង្កែ១ ចាត់វិធានក្ដៅរុះរើសំណង់សង់លើដីច្រាំងទន្លេរបស់រដ្ឋ ក្រោយជូនដំណឹងច្រើនលើក តាមការណែនាំពីអភិបាលខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ បានចាត់វិធានការក្ដៅ ក្នុងការរុះរើសំណង់មិនរៀបរយមួយចំនួន ដែលលួចសាងសង់លើដីច្រាំងទន្លេសម្បត្តិរបស់រដ្ឋ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ ក្រោយពីរដ្ឋបាលសង្កាត់ជូនដំណឹងឱ្យរុះរើចេញដោយខ្លួនឯង ជាច្រើនលើក និងអនុវត្តតាមការណែនាំ របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងការណែនាំជាពិសេសរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

វិធានការក្ដៅ របស់លោកស្រី រាជ ផាវឿន ក្នុងការរុះរើសំណង់មិនរៀបរយ ដែលលួចសាងសង់លើដីសម្បត្តិរបស់រដ្ឋនេះ ក៏មានការចូលរួមពីកម្លាំងសង្កាត់ចំនួន២៥នាក់ និងមន្ត្រីពាក់ព័ន្ធការិយាល័យជុំនាញ នៃរដ្ឋបាលខណ្ឌឫស្សីកែវ។ ដោយបានអនុវត្តឡើង ស្ថិតនៅតំបន់មិនរៀបរយ ក្នុងសហគមន៍ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងនាមគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១, លោកស្រី រាជ ផាវឿន បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ជាក់ស្ដែង រាល់សំណង់តូច ឬធំទាំងឡាយដែលត្រូវរុះរើចេញជាបន្តបន្ទាប់ និងជាជុំហ៊ានដំបូង មានចំនួន៤៦សំណង់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ ក្នុងចំណោមសំណង់មិនរៀបរយ ដែលលួចសាងសង់គ្មានច្បាប់ទម្លាប់ (លើដីសម្បត្តិរបស់រដ្ឋ) ជិត៣០០សំណង់ ក្រោយពីរដ្ឋបាលសង្កាត់ជូនដំណឹងឱ្យរុះរើចេញដោយខ្លួនឯង ជាច្រើនលើកមកហើយ តាមការណែនាំ របស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងការណែនាំជាពិសេស របស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: