ព័ត៌មានជាតិ

ស្ថានទូតអង់គ្លេស៖ ជំនួយវ៉ាក់សាំងកូវីដ១៩ដោយអង់គ្លេស នឹងគាំទ្រដល់កម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង អនុញ្ញាតឲ្យអាជីវកម្មដំណើរការ កុមារទទួលបានការអប់រំ

BY
Khmerpress
August 5, 2021
ស្ថានទូតអង់គ្លេស៖ ជំនួយវ៉ាក់សាំងកូវីដ១៩ដោយអង់គ្លេស នឹងគាំទ្រដល់កម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង អនុញ្ញាតឲ្យអាជីវកម្មដំណើរការ កុមារទទួលបានការអប់រំ

(ភ្នំពេញ)៖ លោក ម៉ាក ហ៊ែរ (Marc Tayre) ភារធារីស្តីទី នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានលើកឡើងថា ការផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ដោយចក្រភពអង់គ្លេស នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលអនុញ្ញាតឲ្យអាជីវកម្មដំណើរការឡើងវិញ កុមារក្នុងការទទួលបានការអប់រំ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា មានភាពប្រសើរឡើងវិញ។

លោក ម៉ាក ហ៊ែរ ថ្លែងបែបនេះ ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដល់រាជរដ្ឋាភិបាលកម្ពុជា។

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ម៉ាក ហ៊ែរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការផ្តល់ជំនួយវ៉ាក់សាំង ដោយចក្រភពអង់គ្លេស នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលអនុញ្ញាតឲ្យអាជីវកម្មដំណើរការឡើងវិញ កុមារក្នុងការទទួលបានការអប់រំ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា មានភាពប្រសើរឡើងវិញ។ ចាប់តាំងពីចាប់ផ្តើមនៃជំងឺរាតត្បាត ចក្រភពអង់គ្លេស បានដឹកនាំ និងខិតខំ ប្រឹងប្រែង ដើម្បីការពារមនុស្សជាតិ ប្រឆាំងនឹងជំងឺជំងឺដ៏សាហាវនេះ»។

ក្នុងឱកាសនោះដែរ ភារធារីស្តីទី នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានថ្លែងការកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចាក់វ៉ាក់សាំង ជំងឺកូវីដ១៩ និងគាំទ្រដល់អ្នកដែលត្រូវការវ៉ាក់សាំងបំផុត នៅក្នុងប្រទេសនេះ។

ស្របពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានផ្តល់នូវវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំង ៤១៥,០០០ដូសនេះ។

សម្តេចតេជោ បានចាត់ទុកថា នេះជាជំនួយដ៏ថ្លៃថ្លា និងជាសណ្តានចិត្តជួយគ្នា ក្នុងគ្រាលំបាក ក្នុងបរិការណ៍ដែលវ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានត្រូវការខ្ពស់ ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅគ្រប់ទិសទីនៃពិភពលោក។

សូមបញ្ជាក់ថា ចក្រភពអង់គ្លេសជាប្រទេសទី៣ហើយ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជា ជាលក្ខខណៈទ្វេភាគី បន្ទាប់ពីប្រទេសចិន និងជប៉ុន។ មកដល់ពេលនេះកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្តរួមមាន៖ ចិន ចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១៥,០០០ដូស។ កម្ពុជា ក៏ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: