ព័ត៌មានជាតិ

បើកសាលារៀនវិញហើយ ឪពុកម្តាយដែលដឹកកូនៗទៅរៀន បើបំពានវិធានការ១នេះ អាចនឹងត្រូវផាកពិន័យពី ២០ម៉ឺនដល់១លានរៀល

BY
Khmerpress
September 15, 2021
បើកសាលារៀនវិញហើយ ឪពុកម្តាយដែលដឹកកូនៗទៅរៀន បើបំពានវិធានការ១នេះ អាចនឹងត្រូវផាកពិន័យពី ២០ម៉ឺនដល់១លានរៀល

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការឡើងវិញ ក្រោយពេលគ្រឹះស្ថានសិក្សានីមួយៗបានបំពេញតាមក្ខខណ្ឌគោលការណ៍ប្រតិបត្តិការស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ការបើកសាលារៀនឡើងវិញនេះដែរ ហាមដាច់ខាតចំពោះសកម្មភាពមួយចំនួនដូចជា៖

– ហាមការលក់ដូរចំណីអាហារភេសជ្ជៈគ្រប់ប្រភេទ នៅខាងក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សានីមួយៗ។

– មិនអនុញ្ញាតឲ្យទទួលទានអាហារជុំគ្នាក្នុងបរិវេណសាលារៀន ក្នុងនោះលើកទឹកចិត្ដឲ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឲ្យវេចខ្ចប់អាហារ ភេសជ្ជៈពីគេហដ្ឋានរៀងៗខ្លួន សម្រាប់ទទួលទានក្នុងអំឡុងពេលបង្រៀន និងសិក្សា។

– ហាមឃាត់រាល់សកម្មភាពកីឡា ការលេងល្បែងកម្សាន្ដ ឬ សកម្មភាពផ្សេងៗដែលមានលក្ខណៈប្រមូលផ្ដុំ។ ក្នុងករណីមានតម្រូវការចាំបាច់ខានមិនបាន ត្រូវកាត់បន្ថយចំនួនអ្នកចូលរួមក្នុងកម្រិតអប្បបរមា រក្សាឲ្យបានគម្លាតសុវត្ថិភាព និងអនុវត្ដវិធានការសុខាភិបាលចាំបាច់។

– ផ្អាកបណ្ដោះអាសន្នការប្រើប្រាស់មធ្យោបាយធ្វើរួម សម្រាប់ដឹកជញ្ជូនសិក្សានុសិស្ស ក្នុងនោះមាតា បិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធ គួរប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ឬ មធ្យោបាយសាធារណៈដែលមានទំនុកចិត្ដខ្ពស់ជំនួសវិញ។

ចំពោះ មាតាបិតា អាណាព្យាបាល ឬបុគ្គលទាំងឡាយណាដែលមានកាតព្វកិច្ចដឹកជញ្ជូនកូនៗទៅសាលារៀន ចាំបាច់ត្រូវអនុវត្ដកាតព្វកិច្ចពាក់ម៉ាស។ ក្នុងករណីពាក់ម៉ាសមិនបានត្រឹមត្រូវ ឬមិនពាក់ម៉ាស នឹងត្រូវប្រឈមមុខការផាកពិន័យជាទឹកប្រាក់ចន្លោះពី ២០០,០០០៛ ដល់ ១,០០០,០០០៛៕ ដោយ៖ ខ្មែរណូត

Share This Post: