ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកម្ចាស់យានយន្ត ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឲ្យទាន់ពេលវេលា

BY
Khmerpress
September 28, 2021
អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកម្ចាស់យានយន្ត ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឲ្យទាន់ពេលវេលា

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកដាក់ លិខិតប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ចំពោះយានយន្ត ដែលជាកម្មសិទ្ធិរបស់ ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

ក្នុងករណីខកខាន មិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ស្តីពី សារពើពន្ធជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យ ការអនុវត្តប្រមូលពន្ធនេះ នៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តដាក់បំពេញកាតព្វកិច្ចសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖

Share This Post: