ព័ត៌មានជាតិ

សម្ដេចតេជោនាយករដ្ឋមន្ត្រី បង្ហាញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន ដែលត្រូវកសាងនាពេលខាងមុខ

BY
Khmerpress
December 6, 2021
សម្ដេចតេជោនាយករដ្ឋមន្ត្រី បង្ហាញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន ដែលត្រូវកសាងនាពេលខាងមុខ

ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួន ដែលត្រូវកសាងនាពេលខាងមុខ ដែលក្នុងនោះរួមមានគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេមេគង្គ រវាងខេត្តក្រចះ និងខេត្តកំពង់ធំ គម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេសាបរវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ គម្រោងផ្លូវតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប និងកំពុងសិក្សាផ្លូវតភ្ជាប់រវាងស្រុកល្វាឯម ខេត្ដកណ្ដាល ភ្ជាប់មកផ្លូវលេខជាតិលេខ១១ ខេត្តព្រៃវែង រហូតដល់ព្រំដែនវៀតណាមផងដែរ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងយ៉ាងដូច្នេះ ក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប ៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង(ចំណុចប្រសព្វផ្លូវជាតិលេខ១) ខេត្តព្រៃវែង ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ ដែលស្ថាបនាឡើងក្រោមហិរញ្ញប្បទាន របស់សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៦ ខែធ្នូ  ឆ្នាំ២០២១ នៅខេត្តព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវមោទកភាព និងអបអរសាទរចំពោះសមិទ្ធផលផ្លូវជាតិ១ខ្សែទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនាពេលនេះ គឺជាការបង្ហាញចេញពីសមិទ្ធផលដែលកើតចេញពីប្រទេសមានសុខសន្តិភាព និងកើតចេញពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិនផងដែរ។ សម្តេចតេជោបានថ្លែងអំណរគុណដល់ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង ដែលតែងតែគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមកដល់ពេលនេះ ចិនជួយសាងសង់ផ្លូវជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានជាច្រើនទៀត។

បើតាមឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតក្នុង ភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយក្នុងនោះ ផ្លូវឆ្លងកាត់ភូមិសាស្រ្តខេត្តព្រៃវែង មានប្រវែង៦៥,៥៥គីឡូម៉ែត្រ និងភូមិ សាស្រ្តខេត្តត្បូងឃ្មុំ មានប្រវែង២១,១៣គីឡូម៉ែត្រ រួមទាំងផ្លូវក្នុងក្រុង ព្រៃវែងចំនួន ២កន្លែង មានប្រវែង៩,៨០គីឡូម៉ែត្រ។

ផ្លូវជាតិលេខ១១ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ លើកកម្រិតគុណភាព និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ ១១ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោម កម្រាស់ ៦០សង់ទីម៉ែត្រ។ ទទឹងតួផ្លូវ មានប្រវែង ១១ម៉ែត្រ ក្នុងនោះ ៧ម៉ែត្រ សម្រាប់រថយន្តចរាចរណ៍ ចែកជា ២គន្លង (១ទៅ ១មក) និងផ្លូវសម្រាប់ទោចក្រយានយន្ត មាន ២គន្លង (១ទៅ ១មក) សាងសង់ស្ពានចំនួន ២កន្លែង ប្រវែងសរុប ២១០ម៉ែត្រ ដាក់លូជ្រុងចំនួន ៣កន្លែង លូមូលចំនួន ៩១កន្លែង និងលូដាក់តាមប្រឡាយសងខាងផ្លូវចំនួន ១៩២កន្លែង រួមទាំងការងាររៀបចំផ្លាកសញ្ញា ចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបន្ដថា គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៤ខែ (ប៉ុន្តែការសាងសង់ជាក់ស្តែងត្រឹមតែ ៣០ខែ ប៉ុណ្ណោះ គិតចាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លឿនជាងផែនការគ្រោងទុក ១៤ខែ) ចំណាយថវិកាសាងសង់សរុប ៩៨,៣៨៨ លានដុល្លារអាម៉េរិក រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការងារ ដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ថែមថា ផ្លូវជាតិលេខ១១ នេះ នឹងក្លាយជាខ្សែ ផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ជាមួយនឹងរាជធានី-ខេត្តផ្សេងៗដទៃទៀត និងជាផ្លូវមួយដែលជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារ ក្នុង ស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ ផ្លូវនេះ ត្រូវបានចាត់ទុកថាជាសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ និងជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា សំដៅទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពី សមាហរណកម្មផ្ទៃក្នុង និងតំបន់។

ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិត ចិនប្រចាំកម្ពុជា បានថ្លែងថា ការបញ្ចប់ការដ្ឋានសាងសង់ផ្លូវជាតិលេខ១១ នឹងជួយកែលម្អបណ្ដាញផ្លូវថ្នល់ ក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពរាំងស្ទះនៃចរាចរណ៍ក្នុងតំបន់កណ្ដាលនៃប្រទេសកម្ពុជា មានអត្ថប្រយោជន៍ជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេដ្ឋកិច្ចពាណិជ្ជកម្មតាម បណ្ដោយផ្លូវមួយនេះ ជួយបង្កើតលក្ខខណ្ឌកាន់តែល្អប្រសើរសម្រាប់ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំក្នុងការដឹកជញ្ជូន និងពាណិជ្ជកម្មស្រូវអង្ករ ផ្លែឈើ និងជលផល។ ឯកឧត្ដមគូស បញ្ជាក់ទៀតថា ភាគីចិននឹងបន្តជួយកសាងផ្លូវថ្នល់និងស្ពានជូនដល់កម្ពុជា ជួយកម្ពុជា សម្រេចបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម កែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: