ព័ត៌មានជាតិ December 7, 2021

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យស្ថានភាពការកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹក នៅតំបន់បឹងទន្លេសាបភូមិសាស្ត្រខេត្តបាត់ដំបង ដែលឈ្មួញខិលខូចទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជន

Khmerpress

(បាត់ដំបង)៖ ឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការអន្តរក្រសួង ចុះពិនិត្យមើលស្ថានភាព នៃការកាន់កាប់ដីរដ្ឋនៅទីតាំងបង្គោលព្រំប្រទល់ដីតំបន់២ និងដីតំបន់៣ ត្រង់ចំណុចបឹងអាញ៉ូត ឃុំតាម៉ឺន ស្រុកថ្មគោល និងទីតាំងដីព្រៃលិចទឹក ដែលរងការកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងចំណុចក្រពើស្គម ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលឈ្មួញខិលខូចបានទន្ទ្រានចូលយកធ្វើ ជាកម្មសិទ្ធិឯកជនរបស់ខ្លួន។

ការចុះពិនិត្យមើលស្ថានភាពដីព្រៃលិចទឹកនេះ បានធ្វើឡើងនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអមដំណើរពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ការចុះពិនិត្យមើលភាពជាក់ស្តែង នៃការកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹក នៅតំបន់បឹងទន្លេសាបភូមិសាស្ត្រស្រុកថ្មគោល និងទីតាំងដីព្រៃលិចទឹក ដែលរងការកាប់ទន្ទ្រានក្នុងភូមិសាស្រ្ដស្រុកឯកភ្នំនេះ គឺដើម្បីស្រង់ទិន្ន័យឱ្យ បានច្បាស់លាស់ ដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំកំពូលពិនិត្យនិងសម្រេចតាមផ្លូវច្បាប់។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្មីៗនេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

សម្តេចបានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យដឹកនាំកិច្ចប្រជុំក្រសួងស្ថាប័នពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច ក្នុងការចុះពិនិត្យ បង្ក្រាប និងរឹបអូសដីដែលបានកាប់ទន្ទាននោះមកវិញ។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយលោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និងចាត់វិធានការជាបន្ទាន់៕ ផ្តល់សិទ្ធិដោយ៖ freshnews