ព័ត៌មានជាតិ December 7, 2021

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងព្រះរាជពិធីបុណ្យ ព្រះសពសម្ដេចក្រុមព្រះ នៅថ្ងៃស្អែកនេះ

Khmerpress

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងព្រះរាជពិធីបុណ្យ ព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងមានរៀបចំពិធីដង្ហែ និងបូជាព្រះសព នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥៖០០នាទី ចេញពីព្រះដំណាក់ ឆ្ពោះទៅមុខវត្តបទុមវតី។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តិទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ចាប់ពីមុខព្រះដំណាក់ តាមរុក្ខវិថីសម្តេចប៉ាន(ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិធីព្រះនរោត្តម(ផ្លូវលេខ៤១) បន្តទៅវិមានឯករាជ្យមហាវិថីព្រះសីហនុ នាគបាញ់ទឹក មហាវិថីសម្តេចសុធារស ចាប់ពីម៉ោង ០៥៖០០នាទី រហូតដល់ពិធីដង្ហែព្រះសពត្រូវបានបញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ និងម្ចាស់អាជីវកម្មទាំងអស់ដែលធ្វើដំណើរឆ្លងកាត់នៅតាមដងផ្លូវខាងលើ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ