ព័ត៌មានជាតិ

កសិករដាំមៀនមានសង្ឃឹមឡើងវិញ ក្រោយឯកអគ្គរដ្ឋទូតចិនប្រកាសថា ផ្លែមៀនកម្ពុជានឹងអាចនាំចេញផ្ទាល់ទៅទីផ្សារចិន នៅរដូវប្រមូលផលឆ្នាំក្រោយ

BY
Khmerpress
December 7, 2021
កសិករដាំមៀនមានសង្ឃឹមឡើងវិញ ក្រោយឯកអគ្គរដ្ឋទូតចិនប្រកាសថា ផ្លែមៀនកម្ពុជានឹងអាចនាំចេញផ្ទាល់ទៅទីផ្សារចិន នៅរដូវប្រមូលផលឆ្នាំក្រោយ

(ភ្នំពេញ)៖ អ្នកដាំមៀនប៉ៃលិន បានសម្តែងការសាទរ ដែលចិនបានសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន តាមរយៈវីដេអូពីចម្ងាយ ដែលធ្វើឱ្យផ្លែមៀនរបស់កម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាពេលរដូវប្រមូលផលលើកក្រោយ។

លោក តុំ សោភ័ណ្ឌ រដ្ឋបាលសមាគមមៀនប៉ៃលិន និងជាអ្នកដាំមៀនប៉ៃលិន នៅខេត្តប៉ៃលិន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែធ្នូនេះថា ការប្រកាសរបស់ស្ថានទូតចិននេះ គឺជាក្តីសង្ឃឹមរបស់កសិករដាំមៀនប៉ៃលិន ដែលពួកគេរំពឹងថា មៀនប៉ៃលិននឹងនាំចេញបាន ក្នុងឆាប់ខាងមុខនេះ ដើម្បីដោះស្រាយការកកស្ទះទីផ្សារ។

លោកបន្តថា កសិករដាំមៀនភាគច្រើន ទាំងសមាជិករបស់សមាគមមៀនប៉ៃលិន និងកសិករមិនមែនជាសមាជិករបស់សមាគមសុទ្ធ តែទទួលបានការបណ្តុះបណ្តាល ការអនុវត្តកសិកម្មល្អ តាមស្តង់ GAP ក្នុងនោះចម្ការមួយចំនួនក៏បានចុះបញ្ជីអនុវត្តកសិកម្មល្អ ពីក្រសួងកសិកម្មដែរ ដែលជំរុញឱ្យការវាយតម្លៃទៅលើបច្ចេកទេស ភូតគាមអនាម័យ និងការវិភាគហានិភ័យលើផ្លែមៀននឹងដំណើរការទៅដោយរលូន។

លោកបញ្ជាក់ថា «គាត់ចុះបង្រៀនទាក់ទងនឹងអនុវត្តកសិកម្មល្អហើយ យើងផ្ញើសំណាក ផ្ញើផ្លែមៀនទៅឱ្យគាត់ពិនិត្យ ហើយគាត់វាយតម្លៃរួច គាត់ចេញជាវិញ្ញាបនបត្រ បញ្ជាក់ជាចម្ការអនុវត្តកសិកម្មល្អ»។

លោកបានលើកឡើងថា បន្ទាប់ពីមៀនប៉ៃលិន នាំចេញទៅប្រទេសចិនជាផ្លូវការនោះ នឹងជួយបើកទីផ្សារបន្ថែម ក៏ដូចជាបង្កើនតម្លៃផងដែរ។

«សម្រួលដល់បញ្ហាទីផ្សារ ដែលកន្លងមកយើងមានបញ្ហាស្ទះរឿងទីផ្សារ គាត់ដាំហើយចេះតែព្រួយបារម្ភ បានហើយលក់នៅឯណា។ តម្លៃ កាលណាមានការនាំចេញតម្លៃវាអាចល្អធ្វើទៅវាមានផលចំណេញ ដូចសព្វថ្ងៃយើងមានការកកស្ទះទីផ្សារ មានការខាតបង់ច្រើន ការចំណាយវាខ្ពស់ ចំណូលដែលបានមកវិញវាទាប អត់ស្មើដើម។ រាល់ថ្ងៃនេះ ចន្លោះដែលគេទិញ ដូចជា៨០០រៀលទៅ១០០០រៀលអីទេ គិតជាមធ្យម អីចឹងបើធៀបជាមួយថ្លៃដើមវាទៅអត់រួច ថ្លៃដើមចំណាយតាំងពីការដាក់ជីដំបូងរហូត ដល់ប្រមូលផល គឺយ៉ាងហោចណាស់១គីឡូយើងត្រូវប្រើទុនអស់១៥០០រៀលទៅ២៥០០រៀល»។ លោក តុំ សោភ័ណ្ឌ លើកឡើងបន្ថែម។

រដូវប្រមូលផលផ្លៃមៀនប៉ៃលិន នឹងចាប់ពីខែសីហា ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។ បើសមាគមមៀនប៉ៃលិន ក្នុងមួយឆ្នាំៗ មៀនប៉ៃលិនកម្ពុជា បាននាំចេញក្នុងបរិមាណជាមធ្យម២ម៉ឺនតោន ដែលភាគច្រើននាំចេញទៅប្រទេសថៃ។

ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ាង វិនធៀន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ភាគីចិនបានធ្វើការសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈវីដេអូពីចម្ងាយ ប្រសិនរលូនផ្លែមៀនកម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលរដូវប្រមូលផលលើកក្រោយ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា នៅកម្ពុជា មានផ្ទៃដីដាំមៀនប៉ៃលិន ក្នុងរង្វង់មួយម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ៨ពាន់ហិកតា ដោយក្នុងមួយហិកតា ទទួលបានផលចន្លោះពី១៥ទៅ២០តោន ដែលក្នុងមួយឆ្នាំៗទិន្នផលមៀនប៉ៃលិនប្រមូលបានជាង១០ម៉ឺនតោន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: