ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកចរាចរឆ្លងកាត់វិថីតេជោ(ទីលានតេជោ) ជាបណ្តោះអាសន្ន​ រយៈពេល២ថ្ងៃ ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០

BY
Khmerpress
January 17, 2022
រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកចរាចរឆ្លងកាត់វិថីតេជោ(ទីលានតេជោ) ជាបណ្តោះអាសន្ន​ រយៈពេល២ថ្ងៃ ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០

ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង​ ស្តីពីការផ្អាកចរាចរឆ្លងកាត់វិថីតេជោ(ទីលានតេជោ) ជាបណ្តោះអាសន្ន​ ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២។

រដ្ឋបាលខេត្តព្រះសហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឲ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រសួងទេសចរណ៍រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន(NTO) និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានព្រមទាំងការតាំងពិព័រណ៌ទេសចរណ៍(Travex) នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅសណ្ឋាគារឆ្នេរសុខា និងទីលានតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ និងរក្សាបានសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្អាកការធ្វើចរាចរយានជំនិះគ្រប់ប្រភេទឆ្លងកាត់វិថីតេជោ(ទីលានតេជោ) ជាបណ្ដោះអាសន្ន ចាប់ពីចំនុចត្រីកោណប្រសព្វព្រះស្កន្ទទ្រង់ក្ងោក(ជិតកន្ទុយនាគឆ្នេរសុខា) ដល់ចុងផ្លូវលេខ៥០២ (ផែទូកទេសចរណ៍៥០២) ចាប់ពីវេលាម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការបញ្ចៀសធ្វើដំណើរឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទខាងលើដោយក្ដីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលខេត្តនឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

Share This Post: