ព័ត៌មានជាតិ

សេវាប្រៃសណីយ៍របស់ប្រទេសចិន បញ្ជាឱ្យបុគ្គលិកធ្វើការសម្អាតមេរោគលើសំបកវេចខ្ចប់ មុនពេលផ្ញើសំបុត្រទៅឱ្យអតិថិជន

BY
Khmerpress
January 18, 2022
សេវាប្រៃសណីយ៍របស់ប្រទេសចិន បញ្ជាឱ្យបុគ្គលិកធ្វើការសម្អាតមេរោគលើសំបកវេចខ្ចប់ មុនពេលផ្ញើសំបុត្រទៅឱ្យអតិថិជន

សេវាប្រៃសណីយ៍របស់ប្រទេសចិន បានបញ្ជាឱ្យបុគ្គលិកធ្វើការសម្អាតនិងសម្លាប់មេរោគ លើការដឹកជញ្ជូនអន្តរជាតិរបស់ខ្លួន និងបានជំរុញឱ្យសាធារណជនកាត់បន្ថយការបញ្ជាទិញពីក្រៅប្រទេស បន្ទាប់ពីអាជ្ញាធរបានអះអាងថា សំបុត្រផ្ញើពីបរទេសអាចជាប្រភពនៃការផ្ទុះឡើងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង នាពេលថ្មីៗនេះ។ រំលឹកផងដែរថា ប្រទេសចិនធ្លាប់ជាទីតាំងនៃការផ្ទុះឡើងដំបូងនៃជំងឺ​ COVID-19 កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែឥឡូវនេះ ប្រទេសចិនកំពុងអនុវត្តគោលនយោបាយ Zero-COVID-19 ហើយជាលទ្ធផល ប្រទេសនេះមិនសូវជាមានករណីច្រើន រាប់ពាន់ ឬរាប់ម៉ឺនករណី ដូចជាប្រទេសដទៃទៀតឡើយ។

យ៉ាងណាក៏ដោយ ការព្រួយបារម្ភនៅតែមានសម្រាប់ប្រទេសចិន ដោយសារប្រទេសនេះបានមើលឃើញពីការឆ្លងថ្មីៗ និងករណីដំបូងនៃវ៉ារ្យ៉ង់ អូមីក្រុង ខណៈប្រទេសនេះកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅខែក្រោយ។

សេវា​ប្រៃសណីយ៍ China Post កាលពីថ្ងៃចន្ទបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាឱ្យបុគ្គលិករបស់ខ្លួន ត្រូវសម្លាប់មេរោគលើសំបកវេចខ្ចប់ខាងក្រៅទាំងអស់ ហើយសម្រាប់អ្នកកាន់ខាងសំបុត្រ និងកញ្ចប់បញ្ញើបរទេស ត្រូវតែចាក់វ៉ាក់សាំងការពារឱ្យបានត្រឹមត្រូវ។ សេវាប្រៃសណីយ៍ក៏បានស្នើឱ្យសាធារណជនកាត់បន្ថយការទិញ និងការដឹកជញ្ជូនពីប្រទេស និងតំបន់ដែលមានហានិភ័យខ្ពស់ ហើយបាននិយាយថា សំបុត្រក្នុងស្រុកគួរតែត្រូវបានដោះស្រាយទៅតាមតំបន់ផ្សេងៗគ្នា ដើម្បីការពារការចម្លងមេរោគឆ្លង។ ជម្រាបដែរថា ប្រទេសចិនបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១២៧ ករណី នៅថ្ងៃអង្គារនេះ៕ ដោយ៖ ខ្មែរណូត

Share This Post: