ព័ត៌មានជាតិ

ឱសថព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» នឹងបន្ថែមការចែកចាយ តាមសាខាប្រៃសណីយ៍កម្ពុជានៅបណ្តាខេត្ត ចាប់ពីថ្ងៃនេះតទៅ

BY
Khmerpress
January 19, 2022
ឱសថព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» នឹងបន្ថែមការចែកចាយ តាមសាខាប្រៃសណីយ៍កម្ពុជានៅបណ្តាខេត្ត ចាប់ពីថ្ងៃនេះតទៅ

(ភ្នំពេញ)៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្រ្ត សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចែកចាយ ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) តាមសាខាប្រៃសណីយ៍កម្ពុជា នៅតាមខេត្ត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំ ពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារ បាននិងកំពុងចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០មីលីក្រាម) MOLNATRIS (Monupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាល ទៅមធ្យមចំពោះមនុស្សពេញវ័យ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ជាមួយគ្នានេះ ដើម្បីផ្តល់ភាពងាយស្រួល ដល់សាធារណជនដែលរស់នៅតាមបណ្តាខេត្ត ក្រុមការងារ នឹងបន្ថែមការចែកចាយឱសថប៉ូលណាទ្រីស នៅសាខាប្រៃសណីយ៍កម្ពុជា នៅតាមខេត្ត ក្នុងតម្លៃ៥៥ដុល្លារអាមេរិក ក្នុង១ដូស (១ដូស ស្មើនឹង១កំប៉ុង មាន៤០គ្រាប់) ចាប់ពីថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២នេះតទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនតាមលក្ខខណ្ឌ ដូចខាងក្រោម៖

* បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី៥ ដល់១០ដូស ក្នុង១ដង
* មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ក្នុង១ដង ហើយអាចលក់បន្តមិនលើសពី៦៥ដុល្លារអាមេរិកក្នុង១ដូស

ដូចនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថប៉ូលណាទ្រីស (Monupiravir Capsules_200mg) ដោយផ្ទាល់ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬសាខាប្រៃសណីយ៍កម្ពុជា នៅតាមខេត្ត (ដូចមានក្នុងតារាងព័ត៌មានលម្អិតជូនភ្ជាប់មកជាមួយ)។
សម្រាប់ការផ្តល់មតិត្រលប់អំពីការផ្តល់សេវា ឬព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/ ០៩៦ ៤៦៦ ៤៦៤៦ រៀងរាល់ម៉ោងធ្វើការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: