ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ហៅវឌ្ឍនភាពនៃការកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងផ្លូវ៣៨ខ្សែ ថាជា «តារារះនៅទិសឧត្ដរ»

BY
Khmerpress
April 4, 2022
សម្ដេចតេជោ ហ៊ុន សែន ហៅវឌ្ឍនភាពនៃការកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងផ្លូវ៣៨ខ្សែ ថាជា «តារារះនៅទិសឧត្ដរ»

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបានហៅវឌ្ឍនភាពនៃការកសាងអាកាសយានដ្ឋានអន្តរជាតិអង្គរ និងផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបថាជា «តារារះនៅទិសឧត្ដរ» បន្ទាប់ពីបានប្រកាស តារារះនៅទិសនិរតី ដែលសំដៅទៅលើតំបន់ឆ្នេរ ដែលជាតំបន់ទេសចរណ៍របស់កម្ពុជានោះ។

ក្នុងខណៈអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី គ្រោងប្រើប្រាស់ថវិកាប្រមាណ ៨៨០លានដុល្លារអាមេរិក នឹងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ហិកតា ដែលមានចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រពីខេត្តសៀមរាប ស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងពីមូលហេតុដែលត្រូវសាងសង់ព្រលានយន្តហោះថ្មី ដោយសារព្រលានយន្តហោះចាស់ក្នុងខេត្តសៀមរាប មិនអាចបម្រើដល់ការរីកចម្រើននាពេលបច្ចុប្បន្នបានទេ និងដោយសារតែមិនអាចចុះចតយន្តហោះធំៗបានផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ព្រលានយន្តហោះថ្មីដែលសាងសង់នេះ អាចចុះចតយន្តហោះប្រភេទធំៗបាន ពោលគឺយន្តហោះដែលហោះលើសពី១០ម៉ោងចុះចតបាន។

គម្រោងដ៏ធំមួយនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់សម្តេចតេជោ និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។ ចំពោះព្រលានយន្តហោះនៅភ្នំពេញក៏ដូច្នេះដែរ ដោយសារព្រលានចាស់ក៏មិនអាចឱ្យយន្តហោះធំៗចុះចតបាន ដូច្នេះហើយបានជាត្រូវកសាងសង់ព្រលានថ្មីមួយទៀតនៅក្រុងតាខ្មៅខេត្តកណ្តាល ដែលមានសមត្ថភាពចុះចតយន្តហោះធំៗបាន។ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសើរចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។ តំបន់ថ្មីនេះ នឹងក្លាយជាទីក្រុងរណប និងតំបន់សេដ្ឋកិច្ចពិសេស។ សម្ដេចតេជោ បានថ្លែងសង្កត់ធ្ងន់ «នេះហើយជាសមទ្ធិផល ដែលជាផ្លែផ្កា ដែលចេញមកពីសន្ដិភាព ហើយក៏ចេញពីផ្លែផ្កា នៃសហប្រតិបត្ដិការកម្ពុជា-ចិន ដែលយើងមាន»។

បើតាមការឱ្យដឹងរបស់ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦កិច្ចព្រមព្រៀងសម្បទានអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ រវាងរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយសម្តេចវិបុលបញ្ញា សុខ អាន និងតំណាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ហៅកាត់ថាក្រុមហ៊ុន AIAI ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្តី និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តល់សម្បទានរយៈពេល ៥៥ឆ្នាំ ក្នុងនោះរយៈពេល៥ឆ្នាំសម្រាប់ការសាងសង់ និងរយៈពេល៥០ឆ្នាំសម្រាប់ការធ្វើអាជីវកម្មក្រោមទម្រង់ BOT (សាងសង់-អាជីវកម្ម-និងផ្ទេរ)។

ឯកឧត្តម តឹក រ៉េតសំរេច បានឱ្យដឹងទៀតថា គម្រោងអភិវឌ្ឍអាកាសយានដ្ឋាន ដែលអនុវត្តដោយក្រុមហ៊ុន AIAI គឺជាការវិនិ យោគរួមគ្នានៃក្រុមហ៊ុនចំនួន៣ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group)ទទួលគ្រប់គ្រង និងអនុវត្តគម្រោងទូទៅ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group)ទទួលខុសត្រូវសាងសង់ និងក្រុមហ៊ុនប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) ទទួលខុសត្រូវប្រតិបត្តិការ ដែលក្រុមហ៊ុនទាំងបីនេះជាក្រុមហ៊ុនរដ្ឋចិននៃខេត្តយូណាន។

ឯកឧត្តម តឹក រ៉េតសំរេច បានបង្ហាញអំពីវឌ្ឍនភាពនៃការរីកចម្រើននៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃគម្រោងទាំងមូលរួមមាន តំបន់ក្រៅតំបន់ហោះហើរ (Land Side) នៅតំបន់នេះហេដ្ឋារចនាសម្ព័ន្ធសំខាន់រួមមាន ស្ថានីយអ្នកដំណើរ ស្ថានីយប្រេង ដែលត្រូវភ្ជាប់បំពង់ប្រេងមកចំណតយន្តហោះ។ រហូតមកដល់ពេលនេះ ស្ថានីយអ្នកដំណើរ សម្រេចបាន ១៩ភាគរយ ស្ថានីយប្រេងសម្រេចបាន៩០ភាគរយ។ ក្រៅពីនេះរចនាសម្ព័ន្ធផ្សេងទៀតដូចជា អគារការិយាល័យ និងអគារស្នាក់នៅសម្រាប់ភ្នាក់ងាររដ្ឋ និងឯកជនស្ថានីយបំពាក់ឧបករណ៍ត្រួតពិនិត្យការហោះហើរ ប៉មបញ្ជាហោះហើរ ឃ្លាំងទំនិញ និងចំណតរថយន្តជាដើមគ្រោងបញ្ចប់នៅត្រឹមចុងឆ្នាំ២២២នេះ។

តំបន់ហោះហើរ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ក្នុងតំបន់នេះរួមមាន ផ្លូវរត់ (Runway) និងបំពង់ប្រេងភ្ជាប់មកចំណតយន្តហោះ។ ផ្លូវរត់គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២២នេះហើយ ការភ្ជាប់បំពង់ប្រេងមកចំណតយន្តហោះនឹងត្រូវបញ្ចប់ ១០០ភាគរយ នៅចុងឆ្នាំ២០២២។ ក្រៅពីនេះ ប្រព័ន្ធពន្លត់អគ្គិភ័យ អាងទឹកសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងតំបន់ហោះហើរ គ្រោងសម្រេចឱ្យបាន ៩០ភាគរយ នៅចុងឆ្នាំ២០២២។

បច្ចុប្បន្នដោយការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ថយចុះ បានបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់អ្នកបច្ចេកទេស និងការនាំចូលឧបករណ៍សម្ភារចាំបាច់សម្រាប់ការសាងសង់ពីប្រទេសចិនមានភាពងាយស្រួលជាងមុន ដូច្នេះការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងសម្រេចបាន ៩០ភាគរយ នៅដំណាច់ឆ្នាំ២០២២ និងបញ្ចប់ទាំងស្រុងនៅត្រឹម ខែមីនា ឆ្នាំ២០២៣ អាចអនុវត្តបានប្រកបដោយជំនឿចិត្ត។ ក្នុងរយៈពេល៦ខែ ពីខែមីនា ដល់ ខែកញ្ញា ឆ្នាំ២០២៣ គឺជារយៈពេលសំខាន់ ដែលក្រុមហ៊ុនត្រូវស្នើសុំវិញ្ញាបនប័ត្របញ្ជាក់សុវត្ថិភាព និងសន្តិសុខ សម្រាប់ឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៃអាកាសយានដ្ឋាន ពីស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងដំណើរការធ្វើតេស្តសាកល្បង ប្រព័ន្ធទាំងមូលរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅតាមនិយាមអន្តរជាតិ។

ឯកឧត្តម តឹករ៉េត សំរេច បានមានប្រសាសន៍បន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវរត់ប្រវែង ៣៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទអាចចុះចតបានដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ ឯកឧត្តម តឹករ៉េត សំរេច បានបញ្ជាក់ថា នៅពេលដាក់ឱ្យដំណើរការដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអ្នកដំណើរប្រមាណ៧លាននាក់ ក្នុងមួយឆ្នាំ ក្នុងដំណាក់កាលទី២ពង្រីកដល់១០លាននាក់ និងដំណាក់កាលទី៣ពង្រីកដល់២០លាននាក់ ទៅតាមដំណាក់កាលនៃតម្រូវការជាក់ស្តែង។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចកម្ពុជានៅពេលអនាគតជាពិសេសនឹងផ្តល់អត្ថប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ជុំវិញ៕ ប្រភព៖​ ក្រសួងព័ត៌មាន

Share This Post: