ព័ត៌មានជាតិ

រុស្ស៊ីដាក់ឲ្យប្រើវ៉ាក់សាំងថ្មីឈ្មោះ Sputnik Light «ប្រភេទចាក់តែ១ដូស» ដែលមានប្រសិទ្ធភាពជិត ៨០% (ក្នុង១ដូសតម្លៃមិនដល់១០ដុល្លារ)

BY
Khmerpress
May 7, 2021
រុស្ស៊ីដាក់ឲ្យប្រើវ៉ាក់សាំងថ្មីឈ្មោះ Sputnik Light «ប្រភេទចាក់តែ១ដូស» ដែលមានប្រសិទ្ធភាពជិត ៨០% (ក្នុង១ដូសតម្លៃមិនដល់១០ដុល្លារ)

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 ថ្មីមួយទៀតជាប្រភេទ «ចាក់តែមួយដូស» ដែលមានឈ្មោះថា ស្ពាត់នីក ឡៃត៍ (Sputnik Light) ស្ថិតក្នុងគោលដៅជំរុញការនាំចេញទៅកាន់ប្រទេស ដែលកំពុងរងការវាយលុកដោយជំងឺ COVID-19 កាន់តែធ្ងន់ធ្ងរ។ នេះបើតាមការដកស្រង់ចេញពី សារព័ត៌មាន CNBC នារសៀលថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ដែលទទួលបន្ទុកចាត់ចែងវ៉ាក់សាំងខាងលើ បានអះអាងថា Sputnik Light ត្រូវបានអភិវឌ្ឍឡើងដោយ វិទ្យាស្ថានស្រាវជ្រាវរុស្ស៊ី ហ្គាម៉ាឡេយ៉ា (Gamaleya) ដោយវាមានប្រសិទ្ធភាពរហូតដល់ ៧៩.៤% និងមានតម្លៃមិនដល់ ១០ដុល្លារអាមេរិកឡើយនៅក្នុង ១ដូស។ បើតាម RDIF វ៉ាក់សាំងថ្មីនេះ គឺត្រូវបានអភិវឌ្ឍឡើងមក ដោយសមស្របទៅតាមស្តង់ដានៃការផលិតវ៉ាក់សាំង និងមានសមាសធាតុផ្សំ ត្រឹមត្រូវដូចទៅនឹងវ៉ាក់សាំងប្រភេទចាក់ពីរដូស Sputnik V ដែលខ្លួនបានអភិវឌ្ឍពីមុនផងដែរ។

ទោះជាយ៉ាងណារុស្ស៊ីបានអះអាងថា វ៉ាក់សាំង Sputnik Light នេះ កំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី ៣ នៅឡើយ ទៅលើមនុស្សសរុប ៧,០០០នាក់ នៅក្នុងប្រទេសរុស្ស៊ីផ្ទាល់ ក៏ដូចជាប្រទេសហ្គាណា, អេមីរ៉ាត់អារ៉ាប់រួម និងប្រទេសមួយចំនួនទៀត។ លទ្ធផលបឋមនៃការធ្វើតេស្តដំណាក់កាលទី ៣ (ចុងក្រោយ) នឹងត្រូវចេញនៅចុងខែឧសភានេះហើយ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

 

Share This Post: