ព័ត៌មានជាតិ

ក្រសួងសុខាភិបាល មិនទទួលស្គាល់ប័ណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រុមហ៊ុនឯកជនឡើង និងបញ្ជាក់ថាវិញ្ញាបនបត្រនេះមិនមានបង់កម្រៃទេ

BY
Khmerpress
May 12, 2022
ក្រសួងសុខាភិបាល មិនទទួលស្គាល់ប័ណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រុមហ៊ុនឯកជនឡើង និងបញ្ជាក់ថាវិញ្ញាបនបត្រនេះមិនមានបង់កម្រៃទេ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចេញប័ណ្ណ និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទទូទាំងប្រទេស(គ.វ.ក-១៩) សូមគោរពជម្រាបជូនសាធារណៈជនទាំងអស់ មេត្តាជ្រាបថា អំពីការចេញប័ណ្ណ និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩។

ដោយកន្លងមកមានការប្រកាសផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមរបស់ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួនថា ខ្លួនគាត់មានការសហការណ៍ជាមួយក្រសួងសុខាភិបាលក្នុងការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ថ្មី ឬអាចចេញវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ទៅក្រៅប្រទេស។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទទូទាំងប្រទេស សូមបដិសេធចោលទាំងស្រុងនូវការប្រកាសរបស់ក្រុមហ៊ុន និងបុគ្គលទាំងនោះ និងសុំបញ្ឈប់សកម្មភាពឃោសនាទាំងអស់នេះជាបន្ទាន់។ ជាមួយគ្នានេះ គ.វ.ក-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវឈប់ជឿលើការឃោសនាបោកប្រាស់ទាំងនោះ ដើម្បីជៀសវាងនូវការខាតបង់ប្រាក់ និងបង្កឱ្យមានភាបអធិបតេយ្យក្នុងសង្គមដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) មិនទទួលស្គាល់ប័ណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រុមហ៊ុនឯកជន ឬបុគ្គលណាក្រៅពីក្រសួងសុខាភិបាល ឬក្រសួងការពារជាតិទេ។ ការស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងតាមប្រព័ន្ធអនឡាញ (ដោយខ្លួនឯង ឬអ្នកស្នើសុំជំនួស) តាមរយៈតំណភ្ជាប់ http://search.vaccine.gov.kh និងមិនមានបង់កម្រៃទេ៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: