ព័ត៌មានជាតិ

ល្បឿននៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជិត ៧១% ហើយ ​គ្រោងនឹងបញ្ចប់តាមផែនការគ្រោងទុក

BY
Khmerpress
May 27, 2022
ល្បឿននៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជិត ៧១% ហើយ ​គ្រោងនឹងបញ្ចប់តាមផែនការគ្រោងទុក

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក ហ៊ាង សុទ្ធាយុត្តិ មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២២ ល្បឿននៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជិត ៧០,៦៦ភាគរយហើយ ខណៈតាមផែនការ គ្រោង បញ្ចប់រួចរាល់នៅខែកញ្ញាឆ្នាំ២០២២។

ថ្លែងប្រាប់នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា វឌ្ឍនភាពនៃការសាងសង់តួផ្លូវនៅសល់តែបន្តិច បន្តួចប៉ុណ្ណោះ ខណៈស្ពានរំលងផ្លូវជាតិមានដូចជាកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ គឺជាចំណុចតភ្ជាប់ចុងក្រោយ នៅពេលគម្រោងសឹងតែចប់រួចរាល់ទាំងស្រុង។

គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅ កាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញ ក្នុងខ្ទង់ចំណាយទឹកប្រាក់សរុបប្រមាណ ២៦៧,៦៧លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការ ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងអនុវត្តការសាងសង់ ដោយក្រុមហ៊ុនសំណង់ Shanghai Construction Group និងតម្លៃត្រួតពិនិត្យគម្រោង ៥,៣៨លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision។

ផ្លូវក្រវាត់ក្រុងមួយនេះ បាននិងកំពុងសាងសង់ប្រភេទផ្លូវក្រាលបេតុងសរសៃដែក និងបេតុងកៅស៊ូអេស៊ី(AC) ដើម្បីភាពរឹងមាំ បានយូរ ដោយសារវាជាផ្នែកមួយជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ព្រមទាំងការតភ្ជាប់ ផ្លូវដឹកជញ្ជូនទៅកាន់តំបន់ដែលជាប៉ូលសេដ្ឋកិច្ចនានា ពិសេសតភ្ជាប់ទៅកាន់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់មហាអនុតំបន់មេគង្គ សំដៅរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយទឹកដី ដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍន៍ថែមទៀតផង។ ដោយឡែក ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ សម្រេចបានជិត ១០០%ហើយ ដែលក្នុងនោះមានស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: