ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងធ្វើឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ចំណាយពេលវេលាតិចជាងមុន

BY
Khmerpress
June 8, 2022
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងធ្វើឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ចំណាយពេលវេលាតិចជាងមុន

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងធ្វើឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ចំណាយពេលវេលាតិចជាងមុន កាត់បន្ថយចំណាយ ខណៈដែលរាជរដ្ឋាភិបាលបានកំពុងប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន ស្តីពីការដាក់ឱ្យដំណើរការសាកល្បងផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់នៃផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចកម្ពុជាធំៗចំនួនបីដូចជាប៉ូលសេដ្ឋកិច្ចភ្នំពេញ ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចខេត្តសៀមរាប និង បានសង្កត់ធ្ងន់ថា ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿននេះ នឹងធ្វើ ឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ចំណាយពេលវេលាតិចជាងមុន កាត់បន្ថយចំណាយ និងធ្វើឱ្យប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើនថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយមិត្ត ចិន ដើម្បីធ្វើផែនការមេសម្រាប់ខេត្តព្រះសីហនុទាំងមូលដើម្បីប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស ហើយផ្លូវល្បឿនលឿននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច របស់ខេត្តព្រះសីហនុទាំងមូល ស្របតាម សុភាសិតចិនលើកឡើងថា “ចង់មានបាន ត្រូវសង់ផ្លូវ” ឯចំណែកសុភាសិតខ្មែរថា “មានផ្លូវ មានក្តីសង្ឃឹម” និងស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់អាទិភាពបួនយ៉ាងគឺ ដើម្បីកសាងប្រទេសជាតិឱ្យមានការរីកចម្រើន ត្រូវតែមាន ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។

ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល បានដាក់ទុនវិនិយោគ យ៉ាងច្រើនលើការស្ដារ ការពង្រីក និងពង្រឹងគុណភាពផ្លូវនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានអំពាវនាវទុកជាមុនសុំឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ល្បឿនលឿននេះ ដើម្បីធានាសុវត្ថិភាព ចំណាយតិច ចំណេញពេលវេលា និងបានស្នើឱ្យក្រុមហ៊ុន សាងសង់អនុញ្ញាតរយៈ ពេលមួយខែឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះដោយមិនបាច់បង់ថ្លៃ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសសាកល្បងប្រើប្រាស់ផ្លូវនេះ និងបានអំពាវនាវសុំឱ្យពលរដ្ឋចិនមកលេងកម្ពុជា ដើម្បីស្វែងយល់ពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិន បានចូលរួមចំណែក យ៉ាងច្រើនក្នុងការស្ដារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដោយ ចំណាយ ការវិនិយោគ ប្រមាណ២ ០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិន ប្រមាណ ១៥០លានដុល្លារ។ ផ្លូវ លឿនលឿននេះសាងសង់ជិតរួចរាល់ហើយ ដោយត្រៀមបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរសាកល្បង នៅពេលឆាប់ៗនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: