ព័ត៌មានជាតិ

លោក វង្សី វិស្សុត ចុះពិនិត្យគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ, គិតត្រឹមខែមិថុនានេះ ការស្ថាបនាសម្រេចបាន ៩៣% គ្រោងបញ្ចប់នៅខែកញ្ញា

BY
Khmerpress
June 11, 2022
លោក វង្សី វិស្សុត ចុះពិនិត្យគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ, គិតត្រឹមខែមិថុនានេះ ការស្ថាបនាសម្រេចបាន ៩៣% គ្រោងបញ្ចប់នៅខែកញ្ញា

(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យការអនុវត្តគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដែលជាគម្រោងវិនិយោគហេដ្ឋារចនាសម័្ពន្ធដ៏ធំបំផុត និងមិនធ្លាប់មាននៅកម្ពុជា នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្រវ៉ាត់ និងផ្លូវ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន China Road and Bridge Cooperation (CRBC) បានព្រមព្រៀងចុះហត្ថលេខា លើកិច្ចសន្យាសម្បទាន (Concession Agreement) កាលពីខែមករា ឆ្នាំ២០១៨។ គម្រោងផ្លូវល្បឿនលឿននេះ គឺជាការវិនិយោគ តាមយន្តការភាពជាដៃគូ រវាងរដ្ឋនិងឯកជន ក្នុងទម្រង់សាងសង់សាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer-BOT) ដែលមានរយៈពេលសម្បទាន៥០ឆ្នាំ បន្ទាប់ពីសាងសង់រួច ដោយចំណាយថវិកា សាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក និងបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ការងារស្ថាបនាផ្លូវល្បឿនលឿននេះ សម្រេចបានប្រមាណ ៩៣ % ដោយគ្រោងនឹងបញ្ចប់ នៅចុងខែកញ្ញាខាងមុខប្រមាណ១ ឆ្នាំមុនកាលកំណត់ក្នុងកិច្ចសន្យា ដែលមានរយៈពេលសាងសង់ ចំនួន០៤ឆ្នាំ។ ផ្លូវល្បឿនលឿននេះ អាចនឹងបើកឱ្យដំណើរការសាកល្បង នៅក្នុងខែតុលា ឆ្នាំ២០២២ខាងមុនេះ ។

គម្រោងល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើដំណើរ និងប្រព័ន្ធឡូជីស្ទីករបស់កម្ពុជា តាមរយៈការបង្កើន ប្រសិទ្ធភាព នៃច្រករបៀង និងប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ និងចូលរួមជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ សំដៅសម្រួល ដល់ការ ដឹកជញ្ជូនផលិតផលដំណាំកសិផល និង ផលិតផលកសិឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋ មកពីគ្រប់តំបន់ នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅ របស់កម្ពុជា ។

គម្រោងនេះ ក៏នឹងធ្វើឱ្យប្រសើរឡើង នៃហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាព នៃបណ្តាញផ្លូវថ្នល់ និងជារួមសម្រួលចរាចរណ៍ នៃបណ្តារាជធានី-ខេត្ត រួមមានរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង និងខេត្តព្រះសីហនុ ជាពិសេសនឹងចូលរួមធ្វើឱ្យប្រសើរឡើង នៃលក្ខខណ្ឌទេសចរណ៍ និងការអភិវឌ្ឍវិស័យ ទេសចរណ៍។ ជារួមផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុនឹងកាត់បន្ថយការចំណាយ និងសន្សំពេលវេលា សំដៅបង្កើនសមត្ថភាព ប្រកួតប្រជែងធុរកិច្ច និងទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន តំបន់ និង ពិភពលោក ។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានជួលក្រុមហ៊ុន ទីប្រឹក្សាបរទេស ដែលមានការទទួលស្គាល់ កម្រិតពិភពលោក មកជួយពិនិត្យផ្តល់យោបល់ និងរៀបចំកិច្ចសន្យាខាងលើនេះ ដើម្បីធានាបានថា គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះ មានការសិក្សាច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ជាពិសេសអាចធានា បាននូវការបែង ចែកហានិភ័យ និងអត្ថប្រយោជន៍រវាងរដ្ឋ និងវិស័យឯកជន បានត្រឹមត្រូវ និងយុត្តិធម៌ តាមឧត្តមានុវត្តជាអន្តរជាតិ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជួលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អាមេរិក-ម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យ ការសាងសង់ផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: