ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញមុខងារម៉ាស៊ីនទំនើប ០៤គ្រឿងទៀត មានសមត្ថភាពខ្ពស់ជួយត្រួតពិនិត្យគុណភាពផ្លូវ

BY
Khmerpress
July 20, 2022
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញមុខងារម៉ាស៊ីនទំនើប ០៤គ្រឿងទៀត មានសមត្ថភាពខ្ពស់ជួយត្រួតពិនិត្យគុណភាពផ្លូវ

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី ជួសជុល កែលម្អ និងលើកកម្ពស់គុណភាព លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺមានភាពល្អប្រសើរឡើងស្ទើតែទូទាំងប្រទេសគិតមកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយនឹងកែលម្អផ្លូវជាច្រើនខ្សែឱ្យមានភាពល្អប្រសើរឡើងនេះ គេសង្កេតឃើញវត្តមានរបស់លោករដ្ឋ មន្ត្រី ស៊ុន ចាន់ថុល តែងតែបានចុះពិនិត្យលើគុណភាពនៃការសាងសង់តាំងពីការចាប់ផ្តើមរហូតដល់ការងារសង់រួចរាល់ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់ ក៏ដូចជាដើម្បីផ្ទៀងផ្ទាត់គុណភាពក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារបច្ចេកទេសរបស់ក្រសួងដែលបានព្រមព្រៀងដែរឬយ៉ាងណា។

ជាក់ស្តែងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ក៏បានដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវ លេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ដោយនាំយកទៅជាមួយនូវឧបករណ៍ទំនើបស៊េរីថ្មី ៤គ្រឿង បន្ថែមទៀត ដើម្បីធ្វើការត្រួតពិនិត្យលើគុណភាពផ្លូវ ដែលមានលក្ខណៈទំនើប និងសុក្រឹតភាពខ្ពស់ក្នុងការត្រួតពិនិត្យលើគុណភាពផ្លូវ។

បើតាមលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបករណ៍ទំនើប ៤គ្រឿងនេះរួចមាន៖ ម៉ាស៊ីន ROMDAS , ម៉ាស៊ីន FWD , ម៉ាស៊ីន Nuclear Density Gauges និងម៉ាស៊ីន GPR ដែលក្នុងនោះ សម្រាប់ម៉ាស៊ីន ROMDAS មានលទ្ធភាពត្រួតពិនិត្យកម្រិតរលាក់ ឬភាពគ្រើមរបស់ផ្លូវ ដែលហៅតាមភាសាអង់គ្លេសថា IRI (The International Roughness Index), អាចវាយតម្លៃស្ថានភាពផ្ទៃផ្លូវដូចជាស្នាមស្រទបចេក, ស្នាមប្រេះលើផ្ទៃផ្លូវជាដើម លើសពីនេះទៅទៀតម៉ាស៊ីននេះអាចថតរូប ៣៦០ដឺក្រេ ហើយមានអរដោនេទៀតផង និងអាចចាប់ទីតាំងផ្លាកសញ្ញាចរាចរណ៍បាទៀតផង។

ម៉ាស៊ីន FWD (Falling Weight Deflectometer ) ជាម៉ាស៊ីនតេស្តសម្រុតគ្រឹះផ្លូវ (Deflection) ដែលជាមូលដ្ឋានក្នុងការវាយតម្លៃលទ្ធភាពទ្រទ្រង់របស់គ្រឹះផ្លូវ(គុណភាពរបស់ផ្លូវ)។ ម៉ាស៊ីន Nuclear Density Gauges ជាម៉ាស៊ីនសម្រាប់វាស់ដង់ស៊ីតេ និងសំណើមស្រទាប់គ្រឹះផ្លូវ និងម៉ាស៊ីនចុងក្រោយគឺ ម៉ាស៊ីន GPR (Ground Penetrating Radar) ជាម៉ាស៊ីនស្គែនផ្លូវ ដែលអាចឱ្យយើងដឹងពីចំនួន និងកម្រាស់ស្រទាប់គ្រឹះផ្លូវរហូតជម្រៅ ០,៥០ម៉ែត្រ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ឧបករណ៍ទំនើបទាំង ០៤ប្រភេទនេះ គឺជាប្រភេទឧបករណ៍ដែលធ្វើតេស្តដោយមិនខូចរចនាសម្ព័ន្ធផ្លូវ (មិនតម្រូវឱ្យមានការជីកកាយ) ផ្តល់ព័ត៌មានលឿន និងសុក្រឹត ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Share This Post: