ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារ អនុញ្ញាតឱ្យរថយន្តចង្កូតស្ដាំ បង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ ករណីបានចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ រួចរាល់

BY
Khmerpress
July 21, 2022
អគ្គនាយកដ្ឋានពន្ធដារ អនុញ្ញាតឱ្យរថយន្តចង្កូតស្ដាំ បង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ ករណីបានចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ រួចរាល់

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ លើរថយន្តចង្កូតស្តាំដែលបង់ពន្ធនិងអាករ និងបានចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន រួចរាល់។

រាជរដ្ឋាភិបាលបានអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលសេសសល់ ចូលមកបំពេញ កាព្វកិច្ចពន្ធនិងអាករដោយពុំចាំបាច់កែច្នៃចង្កូតពីស្ដាំមកឆ្វេង អគ្គនាយកដ្ឋានពន្ធដារអនុញ្ញាតឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្រប់ប្រភេទ បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ សម្រាប់រថយន្តដែលបានអនុវត្តពេញលេញតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២២ ស្ដីពីការអនុញ្ញាតឱ្យបង់ពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ និងសេចក្ដីណែនាំលេខ​០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ដីពីការអនុញ្ញាតឱ្យមានចុះបញ្ជីផ្ដល់បណ្ណយានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេស។

ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ម្ចាស់រថយន្តត្រូវអញ្ជើញមកដាក់លិខិតប្រកាសនៅសាខាពន្ធដារខេត្ត-ខណ្ឌ ៕ ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

Share This Post: