ព័ត៌មានជាតិ

មកដឹងពីវិធីចុះបញ្ជីរថយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយត្រូវធ្វើតាមលក្ខខណ្ឌងាយៗទាំងនេះ

BY
Khmerpress
July 26, 2022
មកដឹងពីវិធីចុះបញ្ជីរថយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយត្រូវធ្វើតាមលក្ខខណ្ឌងាយៗទាំងនេះ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ ឆ្លើយតបនឹងសំណួរដែលសួរច្រើនជាងគេតាមរយៈលេខទូរសព្ទ (Hotline 1275) ដោយបានសួរថា៖ តើបែបបទនៃការចុះបញ្ជីរថយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រូវធ្វើដូចម្ដេច?

ក្រសួងសាធារណការ បានបញ្ជាក់ថា បែបបទសង្ខេបនៃការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរួមមាន៖
– ចូលទៅកាន់វេបសាយ https://vehicle.mpwt.gov.kh
– ស្វែងរកលេខដែលពេញចិត្តរួចបញ្ជាទិញ
– ត្រូវបង្កើតគណនី ឬកត់ត្រាចូលក្នុងប្រព័ន្ធបើមានគណនីហើយ
– ធ្វើការបំពេញព័ត៌មានទៅតាមតំណាក់កាលនីមួយៗ
– ករណីបំពេញឆៀករួមគ្នាជាមួយការចុះបញ្ជី ស្នើសុំម្ចាស់ព្រីនវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ជាមុនសិន
– ពិនិត្យមើលព័ត៌មានរបស់ខ្លួនឡើងវិញ
– បោះពុម្ពពាក្យស្នើសុំ និងវិក្កយបត្រ រួចទូទាត់ប្រាក់ជាមួយគ្រឹះស្ថានដៃគូរបស់ក្រសួង
– រង់ចាំទទួលសារជូនដំណឹងពីការទទួលផ្លាកលេខ។
:::ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post:

ព័ត៌មានជាតិ

ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបនៅខេត្តព្រៃវែង​ ត្អូញពីបញ្ហាកង្កែបចុះថោក, ប្រធានមន្ទីរកសិកម្ម ជំរុញឱ្យកសិករទាក់ទងជំនាញ ដើម្បីរកដំណោះស្រាយ

BY
Naren
June 5, 2023
ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបនៅខេត្តព្រៃវែង​ ត្អូញពីបញ្ហាកង្កែបចុះថោក, ប្រធានមន្ទីរកសិកម្ម ជំរុញឱ្យកសិករទាក់ទងជំនាញ ដើម្បីរកដំណោះស្រាយ

(ភ្នំពេញ)៖ ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបដ៏ធំមួយស្ថិតក្នុងខេត្តព្រៃវែង បានត្អូញថ្អែរពីតម្លៃកង្កែបធ្លាក់ថ្លៃជាខ្លាំងក្នុងឆ្នាំនេះ ដោយតម្លៃត្រឹមតែ ៥៤០០រៀលក្នុងមួយគីឡូ ខណៈពីមុនមានតម្លៃ ១៥០០០រៀលក្នុងមួយគីឡូក្រាម។

បើតាមម្ចាស់កសិដ្ឋានបានបញ្ជាក់ថា ការធ្លាក់ថ្លៃនេះដោយសារការហូរចូលនៃកង្កែបរបស់វៀតណាមមកកម្ពុជា និងបានបន្ដចែកចាយកង្កែបនាំចូលនេះទៅកាន់ ២៥ខេត្តក្រុង។

លោក វុទ្ធី ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបមាគ៌ាជល់សាល ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានថ្លែងថា លោកចាប់ផ្តើមចិញ្ចឹមកង្កែប ចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០១៦ ដែលរហូតមកដល់ពេលនេះ មានរយៈពេល៧ឆ្នាំមកហើយ។ សម្រាប់ឆ្នាំនេះផែនការនៃការផលិតកង្កែបសាច់មានចន្លោះ ៥-១០តោនក្នុងមួយខែ និងការផលិតកូនកង្កែបចន្លោះ ៧០ម៉ឺនកូនកង្កែប។

លោកបានបញ្ជាក់ថា «ការចិញ្ចឹមកង្កែបនេះ ពឹងផ្អែកលើទីផ្សារធំ គឺទីក្រុងភ្នំពេញ ចំណែកទីផ្សារតាមបណ្ដាខេត្តនានា មានចំនួនតិចតួចប៉ុណ្ណោះ ប្រមាណជា ២ឆ្នាំចុងក្រោយនេះកង្កែបពុំធ្លាក់ថ្លៃឡើយ ចំពោះដើមឆ្នាំ២០២៣នេះ កង្កែបក៏រក្សាបានតម្លៃល្អនៅឡើយ គឺមានតម្លៃចន្លោះ១ម៉ឺន-១១០០០រៀលក្នុងមួយគីឡូ ប៉ុន្ដែចាប់ពីខែមេសាមកកង្កែប បានធ្លាក់ថ្លៃខ្លាំងចន្លោះពី ៨ពាន់រៀល ក្នុងមួយគីឡូក្រាម រហូតដល់ជាង ៥ពាន់រៀលក្នុងមួយគីឡូក្រាម»។

លោកបានបន្ថែមថា «ការធ្លាក់ថ្លៃនេះ ដោយសារតែ ការនាំចូលកង្កែបពីវៀតណាមមានច្រើន ហើយឈ្មួញបានបន្ដចែកចាយដល់ខេត្ត-ក្រុង ជាមួយតម្លៃថោក ដែលធ្វើឲ្យអតិថិជនទាំងនៅទីរួមខេត្ត និងរាជធានីភ្នំពេញ ចាប់ផ្ដើមទម្លាក់ថ្លៃ និងឈប់ទិញកង្កែបពីយើងតែម្ដង កត្តាទាំងនេះដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងចំពោះអ្នកចិញ្ចឹម»។

តម្លៃកង្កែធ្លាក់រហូតមកដល់ជាង ៥ពាន់រៀលក្នុងមួយគីឡូក្រាមនេះ និយាយចំពោះកសិដ្ឋានផលិតកូនដោយខ្លួនឯងអាចទប់ទល់រួច និងខាតបន្ដិចបន្ដួច ប៉ុន្ដែចំពោះអ្នកទិញកូនកង្កែបទៅចិញ្ចឹមបន្ដ គឺមិនអាចទប់ទល់រួចនោះឡើយបញ្ហាទាំងនេះ គឺប៉ះពាល់ទាំងកសិដ្ឋានចិញ្ចឹម និងអ្នកទទួលទិញចិញ្ចឹម។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ Fresh News ថា ចំពោះការធ្លាក់ថ្លៃកង្កែបចិញ្ចឹមរបស់កសិករ ក្នុងខេត្តព្រៃវែង កត្តាធំនោះ គឺដោយសារវិបត្តិសេដ្ឋកិច្ចសាកល វិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ប្រជាពលរដ្ឋ។ លោកថា តាមភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួន ក្នុងខេត្តព្រៃវែង គឺពុំសូវមានភ្ញៀវចូលហូបចុក ដូច្នេះក៏ជាកត្តាមួយ ធ្វើឲ្យតម្លៃកង្កែបធ្លាក់ថ្លៃផងដែរ។

លោកបន្ថែមថា ក្នុនាមលោកជាប្រធានមន្ទីរជំនាញ រាល់កសិករមានបញ្ហាការចិញ្ចឹមសត្វ ក៏ដូចជាធ្លាក់ថ្លៃ ត្រូវទាក់ទងមកមន្ទីរកសិកម្ម ដើម្បីរកដំណោះស្រាយ។ ដោយឡែកចំពោះការនាំចូលកង្កែប ពីប្រទេសវៀតណាម លោកពុំទទួលបានមូលដ្ឋានថាមានកង្កែបនាំចូលនោះទេ តែឈ្មួញមួយចំនួនតូច តែងតែឆ្លៀតឱកាសនាំចូលខ្លះដែរ។

លោកបន្តថា បច្ចុប្បន្នការចិញ្ចឹមកង្កែបរបស់កសិករ នៅក្នុងខេត្តព្រៃវែង មានការថយចុះបន្តិច ចំពោះកសិដ្ឋានដែលមានរៀបចំរួចស្រេចហើយ ដូចជាមានកន្លែងភ្ញាស់កូនកង្កែប គឺនៅតែបន្តចិញ្ចឹមដដែល។ ការចិញ្ចឹមកង្កែបនេះ មានស្ទើរតែគ្រប់ស្រុកក្រុងនៃខេត្តព្រៃវែង។ ដើម្បីឲ្យកង្កែបមានតម្លៃ និងទីផ្សារឡើងវិញ ទាល់តែភោជនីយដ្ឋានអាហារដ្ឋាន នៅតាមបណ្ដាខេត្តនីមួយៗនោះ បើកដំណើរការ និងមានភ្ញៀវចូលច្រើនតម្លៃកង្កែប និងវិលទៅរកប្រក្រីភាពឡើងវិញ ជាក់ជាមិនខាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post:

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ចាប់ដៃជាមួយ Alibaba បណ្ដុះបណ្ដាលជំនាញពាណិជ្ជកម្មតាមអនឡាញ ដល់ម្ចាស់អាជីវកម្មកម្ពុជា

BY
Naren
June 5, 2023
ក្រសួងពាណិជ្ជកម្ម ចាប់ដៃជាមួយ Alibaba បណ្ដុះបណ្ដាលជំនាញពាណិជ្ជកម្មតាមអនឡាញ ដល់ម្ចាស់អាជីវកម្មកម្ពុជា

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន Alibaba បើកបណ្ដុះបណ្ដាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច ដោយឥតគិតថ្លៃ ជូនដល់សហគ្រិន និងម្ចាស់អាជីវកម្មនៅកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដល់នូវបទពិសោធន៍ជំនាញថ្មីៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់អាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមានប្រសើរឡើង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមិថុនានេះ។

ថ្នាក់បណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិចនេះថា Alibaba Netpreneur Masterclass ដែលនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ កាលបរិច្ឆេទស្នើសុំដាក់ពាក្យសិក្សា ចាប់ពីថ្ងៃទី៥ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់ https://agi.alibaba.com/alibabanetpreneurmasterclass2023 របស់ក្រុមហ៊ុន
Alibaba។

គួរបញ្ជាក់ថា ការចូលរៀនថ្នាក់បណ្តុះបណ្តាលនេះមិនមានបង់ថ្លៃទេ ចំពោះអ្នកដែលបញ្ចប់ការសិក្សានឹងទទួលបានវិញ្ញាបនបត្រនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post:

ព័ត៌មានជាតិ

សត្វព្រៃកម្រ និងជិតផុតពូជ ១០ប្រភេទប្រមាណ ៤០ក្បាល ត្រូវបានលែង និងកើតកូន ក្នុងឧទ្យានជាតិអង្គរ

BY
Khmerpress
June 5, 2023
សត្វព្រៃកម្រ និងជិតផុតពូជ ១០ប្រភេទប្រមាណ ៤០ក្បាល ត្រូវបានលែង និងកើតកូន ក្នុងឧទ្យានជាតិអង្គរ

(សៀមរាប)៖ តាមរយៈគម្រោងដោះលែងសត្វព្រៃ ក្នុងឧទ្យានជាតិអង្គរ ដែលចាប់ផ្តើមពីឆ្នាំ២០២១មក យ៉ាងហោចណាស់មានសត្វព្រៃកម្រ និងជិតផុតពូជ១០ប្រភេទ មានចំនួនប្រមាណ ៤០ក្បាល ត្រូវបាននាំមកលែង និងកើតកូននៅក្នុងឧទ្យានជាតិអង្គរ ដើម្បីឱ្យក្លាយជាចំណែកមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រៅពីទេសចរណ៍បែបប្រវត្តិសាស្ត្រ។

ការលែងសត្វព្រៃកម្រនៅក្នុងឧទ្យានជាតិអង្គរនេះ ធ្វើឡើងក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសចុះធ្វើទស្សនកិច្ចទីតាំងលែងសត្វព្រៃកម្រនៅក្នុងឧទ្យាជាតិអង្គរ លោក និក ម៉ាក នាយកសង្គ្រោះ និងថែរក្សាសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា «ស្រុកខ្មែរជិតអស់សត្វព្រៃ គឺមកពីអន្ទាក់ អន្ទាក់ជាមូលហេតុធ្វើឱ្យខ្លាធំ បានវត្តមាននៅស្រុកខ្មែរអីឡូវ គេចាប់មេ មានកូន គេចាប់ទាំងអស់»។

រៀបរាប់ទាំងអួលដើមកស្ទើរនឹងស្រកទឹកភ្នែក លោក និក បានឱ្យដឹងថា «នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថ្មីៗនេះ សត្វភេមេមួយក្បាល ត្រូវបានព្រានព្រៃលួចដាក់អន្ទាក់បណ្តាលឱ្យងាប់ នៅក្នុងឧទ្យានជាតិអង្គរ។ យើងធ្លាប់ដោះលែងសត្វព្រៃ នៅក្នុងព្រៃអង្គរ ច្រើនប្រភេទ៖ សត្វទោចម្កុដ, ស្វាព្រាម, ឈ្លូស, សំពោច, ឆ្មាដាវ, សត្វកេងកង, ក្ងោក, សត្វភេ សត្វព្រៃរស់នៅក្នុងព្រៃមិនមានបញ្ហាអ្វីទេ ប៉ុន្តែ បញ្ហាគឺបណ្តាលមកពីអ្នកចាប់សត្វព្រៃ ធ្វើឱ្យអន្តរាយដល់ជីវិតសត្វព្រៃ ដែលកំពុងរស់នៅសុខសាន្តក្នុងព្រៃ»។

នាយកសង្គ្រោះ និងថែរក្សាសត្វព្រៃរូបនេះ បានគូសបញ្ជាក់ថា «ខ្ញុំសុំអ្នកទាំងអស់កុំដាក់អន្ទាក់នៅក្នុងព្រៃ និងខ្ញុំសុំរដ្ឋាភិបាលសុំធ្វើច្បាប់ខ្លាំងជាង ដើម្បីការពារសត្វព្រៃពីអន្ទាក់ ពីព្រោះបើសិនយើងអត់ធ្វើសត្វអស់រលីង»។

ជាមួយគ្នានេះដែរ លោក និក ម៉ាក បានថ្លែងថា នៅក្នុងឧទ្យានជាតិអង្គរ និងនៅតាមព្រៃដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានការពារមានក្រុមល្បាតគ្រប់កន្លែង ប៉ុន្តែ អ្នកដាក់អន្ទាក់មានវិធីសាស្ត្រដាក់លាក់ពិបាករកឃើញ ហើយមួយវិញទៀត ការដាក់អន្ទាក់នេះទៀតសោត ក្រុមព្រានព្រៃមិនដាក់តែមួយកន្លែងនោះទេ ពោលគេដាក់រាយរាប់រយកន្លែង ដើម្បីធ្វើយ៉ាងណាចាប់សត្វព្រៃឱ្យបាន។

លោក និក បានចាត់ទុកព្រៃអង្គរ ជាព្រៃដ៏ល្អសម្រាប់លែងសត្វព្រៃ ឱ្យរស់នៅព្រោះមានអាជ្ញាធរអប្សរា និងមន្ត្រីឧទ្យានុរក្សនៅចាំការពារពពួលសត្វព្រៃទាំងនេះ។ ប៉ុន្តែ សម្រាប់សត្វព្រៃដែលនាំមកលែងនៅទីនេះ ត្រូវបានរៀបចំកំណត់យ៉ាងច្បាស់ថាមិនមែនជាសត្វដែលអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះផងដែរ។

បើតាមលោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរអប្សរា បានឱ្យដឹងថា «គិតមកពេលនេះមានសត្វព្រៃជាង១០ប្រភេទហើយដែលយើងបានដោះលែងនៅទីនេះ សរុបទាំងកើតកូនមានចំនួនប្រមាណ៤០ក្បាល ហើយតាមរយៈគម្រោងយើងគ្រោងរកប្រភេទសត្វផ្សេងទៀតដែរ ដើម្បីលែងនៅទីនេះ (ឧទ្យានជាតិអង្គរ)»។

លោកបានបន្តថា ដោយសារតំបន់ឧទ្យាជាតិអង្គរ ជាតំបន់ទេសចរណ៍ ដូច្នេះ សម្រាប់ការជ្រើសសត្វដែលមកដោះលែង គឺត្រូវការពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាកុំសត្វព្រៃទាំងនោះបង្កដល់សុវត្ថិភាពភ្ញៀវទេសចរ។ សម្រាប់គម្រោងនេះនឹងនាំសត្វប្រើសមកលែងនៅក្នុងព្រៃអង្គរ។

​លោក ជូ រ៉ាឌីណា បានគូសបញ្ជាក់ថា៖ «តាមរយៈការដោះលែងសត្វព្រៃកម្រឱ្យមានវត្តមាននៅក្នុងឧទ្យានជាតិអង្គរនេះ បានធ្វើឱ្យឧទ្យានជាតិអង្គរ មិនត្រឹមតែជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែ ថែមទាំងបង្កើតឱ្យមានទេសចរណ៍បែបធម្មជាតិមួយទៀត តាមរយៈការទស្សនាព្រៃ និងសត្វព្រៃកម្រ និងជិតផុតពូជដែលបាននាំមកលែងនៅទីនេះ»

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការបង្កើតវត្តមានសត្វព្រៃនៅតំបន់ឧទ្យានជាតិអង្គរនេះ គឺជាផ្នែកមួយនៃការបង្កើនរបាយសត្វព្រៃនៅតំបន់ព្រៃរបស់កម្ពុជា។ សម្រាប់ការបង្កើនចំនួនសត្វព្រៃនៅតំបន់ឧទ្យានជាតិអង្គរនេះ ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញដែលអាចផ្តល់ឱកាសសម្រាប់គិតគូរលើការងារអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សម្រាប់តំបន់អង្គរនេះ ត្រូវបានចាត់ទុកថាជាតំបន់ដែលមានសុវត្ថិភាពខ្ពស់ចំពោះសត្វព្រៃ ដោយសារតែមានការគ្រប់គ្រង និងអភិរក្សណពីសំណាក់អាជ្ញាធរជាតិអប្សរា និងកម្លាំងមន្ត្រីឧទ្យានុរក្ស ដែលបានឈរជើងការពារនៅតំបន់ឧទ្យានជាតិអង្គរ ដូច្នេះ ទើបអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអាជ្ញាធរជាតិអប្សរា សហការគ្នាក្នុងការលែងសត្វព្រៃមួយចំនួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: