ព័ត៌មានជាតិ November 29, 2022

តាមគម្រោងនៅឆ្នាំក្រោយនេះ មានក្រុមហ៊ុនឯកជនចំនួន ០២នឹងដាក់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីសាធារណៈចំនួនលើសពី ២០០កន្លែងនៅទូទាំងប្រទេស

Khmerpress

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងកម្មពិធីដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Stations)នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានមានឆន្ទៈ ក៏ដូចជាប្តេជ្ញាចិត្ត ចូលរួមកាត់បន្ថយពីការបំពុលបរិស្ថានតាមរយៈការប្រើប្រាស់យានយន្តដើរដោយថាមពលប្រេងឥន្ធនៈ ហើយងាកមកប្រើប្រាស់យានយន្តអគ្គិសនីវិញ យ៉ាងតិចក៏ឱ្យមានអ្នកប្រើប្រាស់រថយន្តអគ្គិសនី ៤០ ភាគរយ និងម៉ូតូ ៧០ភាគរយ នៅឆ្នាំ ២០៥០ ខាងមុខ។ ឯកឧត្តមបានបន្តថា ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនេះ គឺជាជំហ៊ានទីមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមជម្រុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ទៀតថា យ៉ាងណាមិញសម្រាប់ ការជម្រុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនីគឺជារឿងដ៏លំបាក ដោយសារកត្តាមួយគឺមិនមានស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមបណ្ដាខេត្ត ដូច្នេះអ្នករស់នៅទីនោះគឺមិនអាចប្រើប្រាស់យានយន្តអគ្គិសនីបានឡើយ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា យ៉ាងណាមិញកន្លងមកនេះ ក៏មានការចូលរួមឧបត្ថម្ភពី UNDP ដោយបានផ្ដល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ចំនួន ០៤គ្រឿង បែងចែកដាក់ទៅតាមទីតាំងមានដូចជា ០១គ្រឿងដាក់នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ០១គ្រឿងដាក់នៅខេត្តព្រះសីហនុ ០១គ្រឿងដាក់នៅខេត្តសៀមរាប និង០១ គ្រឿងទៀតដាក់នៅខេត្តបាត់ដំបង ។ ហើយឥលូវនេះ ក្រុមហ៊ុន EV Energy Tech Company Unlimited ក៏បានឧបត្ថម្ភ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ចំនួន ០៣គ្រឿងបន្ថែមទៀត សរុបមាន ០៧គ្រឿង ជាដើមទុនសម្រាប់ជម្រុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនី ​។

លើសពីនេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា កន្លងមក​ក្រសួងក៏ធ្លាប់បានពិភាក្សាជាមួយស្ថានីយប្រេងឥទ្ធនៈដូចជា កាល់តិច តូតាល់ ភីធីធី តេឡា សូគីមិច ដើម្បីឱ្យពួកគេនាំយកស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីមកដាក់នៅស្ថានីយរបស់ខ្លួន ហើយជាក់ស្ដែងសព្វថ្ងៃនេះឃើញមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីមួយកន្លែងដែលជាការរៀបចំរបស់ស្ថានីយប្រេងឥន្ធនៈកាលតិច ព្រៃស សរុបទាំងអស់គឺយើងមានចំនួន ០៨គ្រឿង ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ក្រោមការពិភាក្សាជាមួយក្រុមហ៊ុនឯកជនចំនួន ០២ គឺក្រុមហ៊ុន EV Energy Tech និង ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតយានយន្តអគ្គសនី នៅឆ្នាំក្រោយនេះពួកគេនឹងគម្រោងពង្រីកស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីសាធារណៈបន្ថែមទៀតរហូតដល់ចំនួន ២២០ កន្លែង (ក្រុមហ៊ុន EV Energy Tech ចំនួន ២០កន្លែង និង BYD ២០០កន្លែង) នៅទូទាំងប្រទេសកម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ផងដែរថា ត្បិតតែការពង្រីកស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីសាធារណៈរបស់ក្រុមហ៊ុនទាំង ០២ខាងលើ ឱ្យបាន ២២០កន្លែងនៅឆ្នាំក្រោយនេះ គ្រាន់តែជាគម្រោងយ៉ាងណាក្ដី ក៏ឯកឧត្ដមសង្ឃឹមថា ពួកគេនឹងអនុវត្តគម្រោងនេះឱ្យបាន សម្រាប់ជម្រុញប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គសនីឱ្យបានច្រើនដើម្បីកាត់បន្ថយពីការបំពុលបរិស្ថាន ហើយណាមួយប្រភេទយានយន្តអគ្គសនីនេះមានតម្លៃសមរម្យទាំងគ្រឿងបន្លាស់ និងពន្ធនាំចូល ដូច្នេះប្រជាពលរដ្ឋដែលមានជីវភាពមធ្យមក៏អាចមានលទ្ធភាពទិញប្រើប្រាស់បានដែរ ៕ ប្រភព៖ ក្រសួងព័ត៌មាន