ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនឹងសាងសង់ស្ពាន ៣ថែមទៀត, ស្ពានទី១ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីក្រចេះទៅកំពង់ធំ និងស្ពាន២ទៀតនៅភ្នំពេញ ភ្ជាប់ពីផ្សារចាស់ទៅអរិយក្សត្រ និងពីផ្លូវជាតិលេខ១ ទៅល្វាឯម

BY
Khmerpress
December 13, 2022
រាជរដ្ឋាភិបាលនឹងសាងសង់ស្ពាន ៣ថែមទៀត, ស្ពានទី១ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីក្រចេះទៅកំពង់ធំ និងស្ពាន២ទៀតនៅភ្នំពេញ ភ្ជាប់ពីផ្សារចាស់ទៅអរិយក្សត្រ និងពីផ្លូវជាតិលេខ១ ទៅល្វាឯម

(ប៊ែលហ្ស៉ិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា​ នាពេលខាងមុខរាជរដ្ឋាភិបាល ត្រូវសាងសង់ស្ពានចំនួន ៣បន្ថែមទៀត ដើម្បីពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរុញនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ បងប្អូនខ្មែរជាង២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោបានបញ្ជាក់ថា ស្ពានទាំង៣ ដែលត្រូវសាងសង់បន្ថែមនេះរួមមាន៖

* ស្ពានទី១ នឹងបើកការដ្ឋាននៅដើមខែមករា ឆ្នាំ២០២៣ ដែលឆ្លងកាត់ទន្លេមេគង្គ ត្រង់ខេត្តក្រចេះ។ ស្ពាននេះមានការចាំបាច់សម្រាប់តភ្ជាប់ពីខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ធំ ដោយកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលកន្លងមកត្រូវធ្វើដំណើរទៅខេត្តកំពង់ធំ ត្រូវឆ្លងចូលខេត្តត្បូងឃ្មុំ និងកំពុងចាម ប៉ុន្តែនៅពេលស្ពានថ្មីនេះសាងសង់រួច គឺធ្វើដំណើរពីក្រចេះទៅកំពង់ធំដែរម្តង។

* ស្ពានទី២ នៅរាជធានីភ្នំពេញ គឺជាស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី-ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ ដែលបានចុះហត្ថលេខាទទួលឥណទានពីកូរ៉េ នូវទឹកប្រាក់ប្រមាណជិត ២៥០លានដុល្លារ។ ស្ពាននេះត្រូវសាងសង់ស្ពានចំនួន២ ដែលទី១ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ និងទី២ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល)។

* ស្ពានទី៣ នៅរាជធានីភ្នំពេញផងដែរ គឺភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលត្រូវចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារ។ ស្ពាននេះមានតួនាទី ក្នុងការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង។ ការឆ្លងកាត់ស្ពាននេះ មិនតម្រូវឲ្យគិតប្រាក់នោះទេ លើកលែងតែឆ្លងកាត់ផ្លូវល្បឿនលឿនប៉ុណ្ណោះ ដែលត្រូវបង់ប្រាក់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទាំងអស់នេះសុទ្ធសឹងជាគម្រោង ត្រូវជំរុញកំណើនសេដ្ឋកិច្ច មានទឹក មានផ្លូវ មានភ្លើង មានធនធានមនុស្សទើបយើងអភិវឌ្ឍន៍ប្រទេសជាតិបាន»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: