ព័ត៌មានជាតិ

មន្ត្រីពន្ធដារ នឹងចុះត្រួតពិនិត្យការបង់ពន្ធផ្លូវឡាននៅគ្រប់រាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣តទៅ

BY
Khmerpress
December 22, 2022
មន្ត្រីពន្ធដារ នឹងចុះត្រួតពិនិត្យការបង់ពន្ធផ្លូវឡាននៅគ្រប់រាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣តទៅ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនម្ចាស់យានយន្តទាំងអស់មេត្តាជ្រាបថា អនុលោមតាម ប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចំណារ ឯកភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លើលិខិតលេខ ១០៧៦៥ សហវ.អពដ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹង ចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ នៅតាមគោលដៅ មួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ តទៅ។

ក្នុងករណីម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ឬនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារ ស្ថាបនា ភីអិលស៊ី ឬនៅធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឬនៅធនាគារវឌ្ឍនៈ អាស៊ីចំកាត់ (ABA) ឬនៅធនាគារពាណិជ្ជកម្ម ក្រៅប្រទេស នៃកម្ពុជា ឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ចូន និងយានជំនិះគ្រប់ប្រភេទកន្លងមក។

ទទួលបានសេចក្ដីជូនដំណឹងនេះ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្ត ទាំងអស់នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបាន ទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខកខានពេលវេលា និងកកស្ទះ ចរាចរណ៍ធ្វើដំណើរដែលអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ ៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

Share This Post: