ព័ត៌មានជាតិ

រដ្ឋបាលខេត្ដក្រចេះ បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ

BY
Khmerpress
December 27, 2022
រដ្ឋបាលខេត្ដក្រចេះ បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ

ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ។

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ជ្រាបថា៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្រុកចិត្របុរី ទៅ ស្រុកព្រែកប្រសព្វ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះ ខេត្តក្រចេះ ។

ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀប រយ សាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលខេត្តក្រចេះ សូមបញ្ចៀសចរាចរចំពោះយានយន្ត គ្រប់ ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៧៣ (ប្រធាតុ-ក្រចេះ) នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ចាប់ពី ម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវីធី និងមានទិសដៅបញ្ចៀសចរាចរដូចខាងក្រោម៖

-ការធ្វើដំណើរដែលមានទិសដៅពីរាជធានីភ្នំពេញ ឬខេត្តផ្សេងៗ មកកាន់ខេត្តក្រចេះ, ស្ទឹងត្រែង ដំណើរតាមផ្លូវជាតិលេខ៧ ស្រុកស្នួល រួចឆ្ពោះទៅកាន់ខេត្តទាំង៣ខាងលើ។

-ការធ្វើដំណើរដែលមានទិសដៅពីខេត្តក្រចេះ,ស្ទឹងត្រែង,រតនគិរី ទៅរាជធានីភ្នំពេញ ឬទៅបណ្តាខេត្តផ្សេងៗ ត្រូវ ធ្វើដំណើរតាមផ្លូវជាតិលេខ៧ ស្រុកស្នួល រួចឆ្ពោះទៅកាន់កន្លែងខាងលើ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប អធ្យាស្រ័យ និងបញ្ចៀសការ ធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយក្តីអនុគ្រោះ ។ ផុតរយៈពេលហាម ឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្តក្រចេះនឹងបើកឲ្យចរាចរជាធម្មតាវិញ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ញាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕ ប្រភព៖ រដ្ឋបាលខេត្ដក្រចេះ

Share This Post: