ព័ត៌មានជាតិ May 1, 2023

សម្តេចតេជោ ហ៊ុន សែន​៖ ​ឆ្នាំ២០២២ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបានជិត២ពាន់លានដុល្លារ​​ និងរំពឹងថាទំនិញរបស់កម្ពុជានឹងចូលទីផ្សារជប៉ុនកាន់តែច្រើនថែមទៀត

Naren

(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែង​ថា​ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបាន ១,​៩៤៨លានដុល្លារអាមេរិក ​ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនក្នុងតម្លៃ ១,១៧៣លានដុល្លារ​ ខណៈជប៉ុន នាំចូលកម្ពុជា តម្លៃ ៧៧៤លានដុល្លារ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។

សម្តេចតេជោ រំពឹងថា ក្នុងអាណត្តិរបស់លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុនកាន់តែកើនឡើងថែមទៀត ខណៈប្រទេសទាំងពីរ ក៏ជាសមាជិកនៃ​កិច្ចព្រមព្រៀង​RCEP ផងដែរ។

សម្តេចតេជោមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កម្ពុជា និងជប៉ុន គឺជាសមាជិក នៃកិច្ចព្រមព្រៀង​RCEP ប៉ុន្តែទំនាក់ទំនងទ្វេភាគីដែលមានរួចមកហើយ ចាំបាច់ត្រូវពង្រឹង ដើម្បីឱ្យទំនិញរបស់កម្ពុជាចូលទៅកាន់ទីផ្សារជប៉ុនកាន់តែច្រើន។ ហើយចំណុចនេះ គឺចំណុចល្អណាស់ ដែលខ្ញុំសុំលើកទឹកចិត្តដើម្បីឱ្យធ្វើកិច្ចការងារនេះបន្តទៀតសម្រាប់ប្រទេសយើងទាំងពីរ។​»

សូមជម្រាបថា ផលិតផលសំខាន់ដែលកម្ពុជាបាននាំចេញទៅជប៉ុន មានដូចជា ស្បែកជើង គ្រឿងបង្គុំ និងកសិផល។ ចំណែកជប៉ុននាំចូលមកកម្ពុជាវិញ រួមមាន ​គ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម៕ ផ្តល់សិទ្ធិដោយ៖ Fresh News