ព័ត៌មានជាតិ July 11, 2023

សោកស្ដាយ! U19 នារីកម្ពុជា ធ្លាក់ពីជើងឯកអាស៊ាន ខណៈឥណ្ឌូនេស៊ី វៀតណាម និងថៃ ដឹកដៃមីយ៉ាន់ម៉ាឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ

Naren

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា បានអស់ឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF U-19 Women’s Championship 2023 ទៅហើយ ក្រោយបញ្ចប់ការប្រកួតជម្រុះក្នុងពូលជាស្ថាពរ ដោយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី វៀតណាម និងថៃ បានដឹកដៃក្រុម U19 នារីមីយ៉ាន់ម៉ា ក្នុងនាមក្រុមលេខ២ ល្អជាងគេ ឡើងវគ្គបន្ដ បន្ទាប់ពីមីយ៉ាន់ម៉ា ចាញ់ថៃ ត្រឹម ១-០ ក្នុងជំនួបបញ្ចប់ពូល C កាលពីយប់មិញ ។

ក្រុម U19 នារីកម្ពុជា បានឆ្លងកាត់ការប្រកួតក្នុងពូល ៣ប្រកួតឈ្នះ ២ និងចាញ់ ១ ឈរលេខ២ រកបាន ៦ពិន្ទុ ដែលត្រូវផ្ទៀងផ្ទាត់ជាមួយក្រុមលេខ២ ពូល B និងពូល C ។ ដោយមិនគិតលទ្ធផលជាមួយក្រុមបាតតារាងពូលA គឺទីម័រខាងកើត ក្រុម U19 នារីកម្ពុជា មាន ៣ពិន្ទុ តែខាតគ្រាប់បាល់ ៤គ្រាប់ (-៤គ្រាប់) ។ លទ្ធផលនេះ កម្ពុជា ចាញ់ប្រៀបមីយ៉ាន់ម៉ា ដែលមាន ៣ពិន្ទុ តែរបូតគ្រាប់បាល់តិចជាង(ផលសងគ្រាប់បាល់ ០គ្រាប់) ខណៈម៉ាឡេស៊ី មាន ៣ពិន្ទុដូចគ្នា តែខាតគ្រាប់បាល់ដល់ទៅ ៥គ្រាប់ ។

យោងតាមលក្ខន្ដិកៈការប្រកួត កំណត់យកក្រុមលេខ២ ល្អជាងគេ ១ក្រុមប៉ុណ្ណោះ ឡើងទៅបង្គ្រប់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺក្រុម U19 នារីមីយ៉ាន់ម៉ា ដែលធ្វើបានល្អជាងគេ ។ ដូច្នេះមីយ៉ាន់ម៉ា ត្រូវជួបឥណ្ឌូនេស៊ី ដែលជាក្រុមលេខ១ ពូលA ខណៈក្រុមលេខ១ ពូលB គឺក្រុម U19 នារីវៀតណាម ត្រូវជួបក្រុមលេខ១ ពូលC គឺក្រុម U19 នារីថៃ ក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៣ ខែកក្កដាស្អែក គ្រាដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នៅប្រទេសឥណ្ឌូនេស៊ី ៕ ផ្តល់សិទ្ធិដោយ៖ Fresh News