ព័ត៌មានជាតិ July 17, 2023

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង ជាការចុះផ្សាយព័ត៌មានមិនពិត

Naren

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងទៅនឹងករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គមរបស់គណនី​ហ្វេសប៊ុកឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១:២០យប់ ជាការចុះផ្សាយព័ត៌មានមិនពិត។

សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ស្ត្រីដែលបានបង្ហោះវីដេអូខាងលើបាន ជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីការបញ្ជាឲ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡេីយ៕