សិស្សឆ្នើមកម្ពុជា ២រូប ឈ្នះមេដាយមាស ពីការប្រឡងគណិតវិទ្យាអន្តរជាតិពិភពលោក នៅអាមេរិក
(ភ្នំពេញ)៖ ពិតជាមានសមត្ថភាព និងគួរឲ្យកោតសរសើរណាស់ ដោយសិស្សឆ្នើមកម្ពុជាចំនួន ២រូប បានឈ្នះមេដាយមាស ពីការប្រឡងគណិតវិទ្យាអន្តរជាតិពិភពលោក (Copernicus Olypaid 2023) នៅសហរដ្ឋអាមេរិក។
សិស្សឆ្នើមទាំងពីរ គឺ ម៉េង គុណលី រៀនថ្នាក់ទី៥ និង ម៉េង ឡាយស៊ុន រៀនថ្នាក់ទី៩។ ការប្រឡង ត្រូវបានរៀបចំឡើង នៅសាកលវិទ្យាល័យ Columbia University ទីក្រុង New York ។
ការប្រកួត Copernicus Olympiad 2023 ត្រូវបានធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេក្ខជនមកពីប្រទេសចំនួន ២៣ប្រទេស។
សូមជម្រាបថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាអភិវឌ្ឍន៍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ដែលវិស័យទាំងនោះកំពុងមានវឌ្ឍនភាពរីកចម្រើន ស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ ហើយក្នុងនោះវិស័យអប់រំរបស់កម្ពុជា បាននិងកំពុងវិវឌ្ឍទៅមុខយ៉ាងលឿន មិនចាញ់ប្រទេសនានា លើពិភពលោកឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News





