ខាន់ ជេសា នឹងប្រកួតនៅ ONE Championship ដណ្តើមខ្សែក្រវ៉ាត់លើកដំបូង
(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឲ្យដឹងនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ កីឡាការិនីកម្ពុជា ខាន់ ជេសា និងត្រូវឡើងប្រកួតនៅសង្វៀន ONE Championship ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់លើកដំបូង ប៉ះជាមួយកីឡាការិនី Danielle Kelly ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ខាន់ ជេសា និងប្រជែងជាមួយ Danielle Kelly ដណ្តើមខ្សែក្រវ៉ាត់កម្រិត (Atomweight Submission Grapping World Championship) ស្ថិតក្នុងកម្មវិធី ONE FIGHT NIGHT ជាមួយការប្រកួតរបស់កីឡាការិនី ៣គូរទៀតស្ថិតក្នុងវិញ្ញាសាផ្សេង ដែលធ្វើឡើងនៅសាល Singapore Indoor Stadium។
រំលឹកផងថា កាលពីពេលថ្មីៗនេះ ខាន់ ជេសា ក្លាយជាកីឡាការិនីជើងឯកពិភពលោក (កូនកាត់ខ្មែរ) ដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលដណ្តើមបានមេដាយមាសជើងឯកពិភពលោក កម្រិតខ្សែក្រវាត់ខ្មៅ ក្រោយយកឈ្នះកីឡាការិនី Thamires Aquino នៃព្រឹត្តិការណ៍ IBJJF World Champion 2023 ដោយការប្រកួតធ្វើឡើងនៅសហរដ្ឋអាមេរិក។
ខាន់ ជេសា បានយកឈ្នះកីឡាការិនី Thamires Aquino នៃការប្រកួតកម្រិតទម្ងន់ (Light Feather Weight Black Belt World Champion) នាមជាកីឡាការិនីឆ្នើមរបស់កម្ពុជា ដែលឈ្នះមេដាយមាស និងប្រាក់ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង៕ ផ្តល់សិទ្ធិដោយ៖ Fresh News


