ជួយស៊ែរបន្តផង! នារីម្នាក់បានបាត់រថយន្តម៉ាក Starex ១គ្រឿង ក្រោយចោរថ្លើមធំចូលគាស់ផ្ទះលួចសោរថយន្តហើយបើកទៅបាត់
ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះថា Nhang Maly បានបង្ហោះសារយ៉ាងរំជួលចិត្ត ដោយក្នុងនោះបានរៀបរាប់ថា មានចោរចូលគាស់ផ្ទះលួចឡានយកទៅបាត់ នៅវេលាម៉ោង ម៉ោង ២ទៀបភ្លឺ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមការរៀបរាប់របស់ជនរងគ្រោះដែលបានបាត់រថយន្ត បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះបានជិះរថយន្តមកផ្ទះ ហើយចតនៅចំណុចលើផ្លូវបេតុង ផ្ទះលេខ P១១ បុរី PRS ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយក៏បានដកសោរថយន្តទៅទុកនៅលើបង្កាន់ដៃជណ្ដើរនៅក្នុងផ្ទះ និងបានចូលសម្រាកនៅក្នុងផ្ទះ។ លុះរហូតដល់ម៉ោង ៦ និង ០០នាទី ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ពេលខ្លួនបានចេញពីផ្ទះវិញ គឺមិនឃើញរថយន្តដែលបានចតនោះឡើយ ហើយក៏ផ្អើលឆោឡោ រួចចូលទៅមើលក្នុងផ្ទះ ស្រាប់តែបានឃើញស្នាមគាស់កញ្ចក់ទ្វារក្រោយ និងបាត់សោរថយន្តដែលទុកនោះ។ ពេលទៅឆែកកាមេរ៉ា សុវត្ថិភាព ទើបបានឃើញថា មានចោរគាស់ផ្ទះចូលលួចសោឡានហើយបើកទៅបាត់។
ជនរងគ្រោះបានឱ្យដឹងទៀតថា រថយន្តដែលបានបាត់នោះ ម៉ាក Starex ពណ៌សពាក់ស្លាកលេខសៀមរាប 2C 0060 ហើយក្រោយបាត់ភ្លាមៗ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច និងបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលគោករកាផងដែរ ប៉ុន្តែមកទល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នេះ មិនទាន់រកឃើញនៅឡើយទេ។
ទន្ទឹមនឹងនេះ ម្ចាស់រថយន្តសូមអំពាវនាវដល់សមត្ថកិច្ចជួយវែកមុខជនសង្ស័យឱ្យបានឆាប់រហ័ស និងអំពាវនាវដល់មហាជន ក្នុងករណីបានឃើញរថយន្តដែលមានភិនភាគដូចការរៀបរាប់ខាងលើ និងបានឃើញមុខចោរដូចក្នុងរូបភាព សូមទាក់ទងទៅកាន់សមត្ថកិច្ច ឬ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Nhang Maly ផង៕
សូមចុចទីនេះដើម្បីមើលសកម្មភាពចោរលួច





