ឱកាសល្អ! ស្អែកនេះ NEA នឹងរៀបចំវេទិកាការងារផ្តល់ឱកាសការងារជិត ៨០០កន្លែង សម្រាប់យុវជន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឱកាសការងារសរុបចំនួន ៧៩៩កន្លែង ពីក្រុមហ៊ុនធំៗចំនួន១0 នឹងត្រូវបានផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារនាថ្ងៃស្អែកនេះ ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់វិទ្យាស្ថាន IFL។
លោក នៅ សិទ្ធី មន្ត្រីធនធានមនុស្ស ធនាគារ កាថេ យូណៃធីត លើកឡើងថា វេទិកាការងាររបស់ NEA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមហ៊ុនកន្លងមកក្នុងការជ្រើសរើសបុគ្គលិក ព្រោះកម្មវិធីនេះបានផ្តល់ឱកាសដល់ខាងក្រុមហ៊ុនបានជួបដោយផ្ទាល់ជាមួយនឹងអ្នកស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារជាដើម។ លោកបន្ថែមថា កន្លងមកធនាគារ កាថេ ធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកច្រើនសាររួចមកហើយដែរ។ ជាលទ្ធផល ធនាគារទទួលបានបុគ្គលិកជាច្រើនរូបបាន និងកំពុងបម្រើការងារជាមួយធនាគារផងដែរ។ លោកមានជំនឿថា សម្រាប់វេទិកាការារថ្ងៃស្អែកនេះ នឹងមានសិស្ស/និស្សិតជាច្រើន មកចូលរួមដាក់ពាក្យ និងសម្ភាសការងារជាមួយនឹងធនាគាររតាមរយៈការផ្សព្វផ្សាយរបស់ NEA។
សូមជម្រាបថាក្រុមហ៊ុនធំៗទាំង១0នោះរួមមាន៖ ធនាគារ WOORI BANK, ធនាគារ កាថេ យូណៃធីត, ក្រុមហ៊ុន Land & Home, ក្រុមហ៊ុន Forte Life insurance, ក្រុមហ៊ុន MR Training, ក្រុមហ៊ុន GEOLINK, ធនាគារ ឯកទេស AEON, ក្រុមហ៊ុន DDD, ក្រុមហ៊ុន JACCS និងក្រុមហ៊ុន Kofi ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក







